ភ្លើងឆេះព្រៃនៅអូស្ត្រាលីកាន់តែអាក្រក់ ធ្វើឱ្យផ្ទៃមេឃនៅទីក្រុង Mallacoota ប្រែពណ៌ក្រហមឆេះគួរឱ្យខ្លាច
មនុស្សរាប់ពាន់នាក់បានភៀសខ្លួនចូលទៅក្នុងទឹក នៅឯទីប្រជុំជនឆ្នេរមួយក្នុងប្រទេសអូស្ត្រាលី ដើម្បីស្វែងរកទីជំរកពីភ្លើងឆេះព្រៃដ៏ធំមួយនៅលើតំបន់នោះ។ អ្នកស្រុកបាននិយាយថា អគ្គិភ័យរំកិលចូលទៅក្នុងក្រុង Mallacoota នៃរដ្ឋ Victorian កាលពីព្រឹកថ្ងៃអង្គារ ហើយរងើកភ្លើងកានតែខិតមកកៀកផ្ទះអ្នកនៅទីនោះ។ តាមបណ្តាញអ៊ីនធឺណេតប្រជាជនបានរាយការណ៍អំពីសំឡេង “គ្រហឹម” នៃអណ្តាតភ្លើង និងបានបង្ហោះរូបភាពជាច្រើននៃមេឃខ្មៅមួយ ហើយបន្ទាប់មកប្រែជាក្រហមទុំ។

ទីតាំងសម្រាកប្រជាប្រិយជាច្រើននៅតាមបណ្តោយឆ្នេររវាងស៊ីដនី និងមែលប៊ន បច្ចុប្បន្នកំពុងរងការគំរាមកំហែងពីភ្លើងឆេះព្រៃ។ គ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរបំផុត ដែលលាតសន្ធឹងលើចម្ងាយ ៥០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ Batemans ក្នុងរដ្ឋ New South Wales (NSW) រហូតដល់ Bairnsdale ក្នុងរដ្ឋ Victoria ។ អាជ្ញាធរបានប្រាប់ប្រជាជននៅក្នុងតំបន់ទាំងនោះ ដែលភាគច្រើនជាអ្នកទេសចរឱ្យនៅទីតាំងដដែល ពីព្រោះវាយឺតពេលក្នុងការជម្លៀសចេញទៅហើយ ខណៈផ្លូវធំក្នុងតំបន់ ផ្លូវហាយវេ ត្រូវបានបិទ៕




អត្ថបទ៖ លីដា