ក្រុមអ្នកបរិស្ថានវិទ្យាអះអាងថា សត្វប្រមាណជា ៥០០ លានក្បាលបានស្លាប់ក្នុងហេតុការណណ៍ភ្លើងឆេះព្រៃនៅអូស្ត្រាលី
អូស្ត្រាលី៖ ក្រុមអ្នកបរិស្ថានវិទ្យាល្បីៗប្រចាំនៅក្នុងសាកលវិទ្យាល័យ University of Sydney នៃប្រទេសអូស្រ្តាលីបានធ្វើការប៉ាន់ស្មានថា បញ្ហាភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលីបានសម្លាប់សត្វប្រមាណជា ៥០០ លានក្បាល បើគិតមកត្រឹមពេលបច្ចុប្បន្ននេះ។ សត្វជាច្រើនប្រភេទទាំងកន្លះពាន់លានក្បាលនេះត្រូវបានគេជឿថា បានស្លាប់បាត់បង់ជីវិតភ្លាមៗក្រោមកំដៅភ្លើងយ៉ាងសន្ធោសន្ធៅ ព្រោះតែពួកវាមិនអាចផ្លាស់ទីបានទាន់ពេលវេលា។
ក្រុមអ្នកបរិស្ថានវិទ្យាបានព្យាករណ៍ថា សត្វដែលធ្លាប់តែរស់នៅក្នុងព្រៃនឹងបន្តស្លាប់ជាច្រើនក្បាលទៀតនៅពេលខាងមុខ ព្រោះតែបញ្ហាខ្វះទីជំរក និងខ្វះចំណីអាហារជាដើម។ អ្វីដែលជាការសោកស្តាយបំផុតនោះគឺ សត្វខ្លាឃ្មុំអូស្រ្តាលី (ប្រភេទសត្វកម្រដែលមានតែនៅលើទឹកដីអូស្ត្រាលី) ប្រមាណជា ៨ ០០០ ក្បាលក៏ត្រូវបានស្លាប់ក្នុងហេតុការណ៍នេះដែរ ខណៈដុំទឹកកធំៗនៅក្នុងប្រទេសនូវែលសេឡង់បានប្រែទៅជាពណ៌ខ្មៅ ព្រោះតែឥទ្ធិពលភ្លើងនិងផ្សែងភាយចេញពីការឆេះព្រៃនេះ។ ក្រៅតែពីជីវិតសត្វក៏មានដែររុក្ខជាតិកម្រនិងដើមឈើធំៗជាច្រើនត្រូវបានឆេះខ្ទេចខ្ទី ហើយគេមិនដឹងច្បាស់ថា តើគេនឹងត្រូវការពេលវេលាយូរប៉ុណ្ណានោះទេ ដើម្បីទទួលបានធនធានធម្មជាតិដែលបាត់បង់នេះត្របល់មកវិញនោះ៕

អត្ថបទ៖ ភក្តី

