ស្ដាយសម្រស់ណាស់! ស្រីស្អាតម្នាក់ប្រែហើមមុខហើមមាត់ប៉ុនថាស ព្រោះប្រតិកម្មជាមួយថ្នាំលាបសក់
ការប្តូរពណ៌សក់គឺជាជម្រើសនៃការតែងខ្លួនដ៏ពេញនិយមមួយសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះ។ យ៉ាងណាក្តី និន្នាការមួយនេះអាចផ្តល់នូវផលអវិជ្ជមានខ្លះៗផងដែរដូចជាធ្វើឲ្យសក់ខូចព្រោះប្តូរពណ៌ញឹកញាប់ពេក និងធ្វើឲ្យមានប្រតិកម្មអាឡែកស៊ីជាដើម ព្រោះថ្នាំលាបសក់មិនល្អ ឬមិនត្រូវជាមួយប្រភេទស្បែកអ្នក។ តួយ៉ាងស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា មានគ្រោះថ្នាក់ស្ទើរតែស្លាប់ក្រោយមានប្រតិកម្មអាឡែកស៊ីជាមួយនឹងថ្នាំលាបសក់។ ស្ត្រីរងគ្រោះមានឈ្មោះថា Robyn Cherry អាយុ ២៩ ឆ្នាំ និងកំពុងរស់នៅក្នុងប្រទេសអង់គ្លេស។

ស្ត្រីរងគ្រោះបានឲ្យដឹងថា ក្រោយសម្រេចចិត្តទៅលាបសក់ពណ៌ត្នោត ស្រាប់តែមុខរបស់គាត់ហើមធំឡើយទ្វេដង ភ្នែកហើមសឹងតែមើលអ្វីមិនឃើញ ហើយស្បែកក្បាលរបស់គាត់វិញត្រូវមានបញ្ហារមាស់ និងមានដំបៅខ្លះផង ដែលស្ថានភាពនេះសូម្បីតែវេជ្ជបណ្ឌិតក៏ពិបាកជួយព្យាបាលដែរ ព្រោះកោសិកាស្បែកក្បាលរបស់គាត់ត្រូវខូចស្ទើរតែទាំងស្រុងទៅហើយ។ ស្ត្រីរងគ្រោះបានផ្ដាំផ្ញើទៅកាន់អ្នកស្រលាញ់ការលេងពណ៌សក់ទាំងអស់ថា ដើម្បីរក្សាសុវត្ថិភាព លោកអ្នកត្រូវឲ្យគេធ្វើតេស្តិ៍លើស្បែកក្បាលនិងប្រភេទថ្នាំលាបសក់ដែលលោកអ្នកចង់ប្រើប្រាស់ជាមុនសិន មុននឹងសម្រេចប្រើប្រាស់ថ្នាំលាបសក់ប្រភេទណាមួយ ព្រោះស្បែករបស់មនុស្សម្នាក់ៗមានលក្ខណៈខុសៗគ្នាឬអ្នកខ្លះខុសដាច់ពីមនុស្សទូទៅតែម្តង ខណៈថ្នាំលាបសក់ត្រូវបានគេបង្កើតឡើងសម្រាប់មនុស្សទូទៅតែប៉ុណ្ណោះ៕
អត្ថបទ៖ ភក្តី
