រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី សុំលាឈប់ពីតំណែង ដោយសារអសមត្ថភាពក្នុងការពង្រឹងប្រព័ន្ធអប់រំ
ថ្មីៗនេះមានព័ត៌មានដ៏នឹកស្មានមិនដល់មួយសម្រាប់ប្រជាជនម៉ាឡេស៊ី ដោយរដ្ឋមន្ត្រីក្រសួងអប់រំរបស់ពួកគេ គឺលោក Maszlee bin Malik បានប្រកាសថា លោកនឹងលាលែងពីតំណែង។ យោងតាម Malay Mail បានឱ្យដឹងថា លោកបណ្ឌិត Maszlee bin Malik បានផ្ញើពាក្យសុំលាឈប់ទៅកាន់នាយករដ្ឋមន្រ្តីលោក Mahathir bin Mohamad រួចរាល់ហើយ ខណៈលោកនាយករដ្ឋមន្ត្រីក៏នឹងរកមនុស្សថ្មីមកជំនួសលោករដ្ឋមន្ត្រីឆាប់ៗនេះដែរ។ វាមិនច្បាស់ទេថាមូលហេតុអ្វីឱ្យប្រាកដ ដែលធ្វើឱ្យលោកដាច់ចិត្តសុំលាពីតំណែង ប៉ុន្តែមានប្រភពខ្លះនិយាយថា គាត់អសមត្ថភាពក្នុងការធ្វើកំណែប្រព័ន្ធអប់រំ ចំពេលដែលរដ្ឋាភិបាលក៏កំពុងរុះរើតំណែងគណៈរដ្ឋមន្រ្តីឡើងវិញ។

ស្ថិតក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង Putrajaya កាលពីថ្ងៃព្រហស្បតិ៍ទី០២ ខែមករា ឆ្នាំ២០២០ លោករដ្ឋមន្ត្រី Maszlee bin Malik ដែលមានវ័យ ៤៦ឆ្នាំ រូបនេះបាននិយាយថា លោកបានជូនដំណឹងដល់លោកនាយករដ្ឋមន្រ្តី Mahathir Mohamad ហើយការលាលែងរបស់លោកចូលជាធរមាននៅថ្ងៃសុក្រម្សិលមិញនេះ។ លោក Maszlee បាននិយាយថា៖ “តាមយោបល់របស់លោកបណ្ឌិត Mahathir ដែលប្រៀបដូចជាឪពុក មេដឹកនាំ និងជារដ្ឋបុរសដ៏ឆ្នើមម្នាក់សម្រាប់ខ្ញុំ គឺខ្ញុំ Maszlee bin Malik ជាមួយនឹងភាពស្ងប់តែមានការអាក់អន់ចិត្ត ប្រគល់ជូននូវតំណែងជារដ្ឋមន្ត្រីក្រសួងអប់រំរបស់ម៉ាឡេស៊ីឱ្យទៅលោកនាយករដ្ឋមន្ត្រីវិញ”៕



អត្ថបទ៖ លីដា