នាយករដ្ឋមន្រ្តីក្មេងបំផុតរបស់ហ្វាំងឡង់ណែនាំកាលវិភាគធ្វើការថ្មី ដោយធ្វើការតែមួយថ្ងៃ ៦ម៉ោង និង ៤ថ្ងៃក្នុងមួយសប្ដាហ៍
នាយករដ្ឋមន្រ្តីថ្មីរបស់ហ្វាំងឡង់អ្នកស្រី Sanna Marin បានអំពាវនាវឱ្យមានការណែនាំអំពីកាលវិភាគការងារថ្មី ដែលនឹងផ្លាស់ប្តូររយៈពេលធ្វើការងាត្រឹមតែ ៤ថ្ងៃ/សប្តាហ៍ និង ៦ម៉ោង/ថ្ងៃ។ នាយករដ្ឋមន្រ្តីវ័យ ៣៤ឆ្នាំ រូបនេះបាននិយាយថា ការកែប្រែនេះនឹងអនុញ្ញាតឱ្យកម្មករចំណាយពេលច្រើនជាមួយគ្រួសាររបស់ពួកគេ។ គួរឱ្យដឹងដែរថា អ្នកស្រី Sanna Marin គឺជាប្រមុខរដ្ឋស្ត្រីវ័យក្មេងបំផុតក្នុងពិភពលោក ហើយក៏ជាអ្នកម្តាយនៃកូនស្រីម្នាក់ និងជាថ្នាក់ដឹកនាំនៃគណបក្សកណ្តាលខាងឆ្វេង ដែលជាក្រុមសម្ព័ន្ធភាពនយោបាយដឹកនាំដោយស្ត្រីទាំងអស់។ ថ្នាក់ដឹកនាំជាស្ត្រីផ្សេងទៀតទាំង ៣នាក់ សុទ្ធតែមានអាយុក្រោម ៣៥ឆ្នាំ។

អ្នកស្រី Sanna Marin និយាយថា៖ «ខ្ញុំជឿថាមនុស្សសមនឹងចំណាយពេលច្រើនជាមួយក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់ ការកម្សាន្ត និងទិដ្ឋភាពផ្សេងៗទៀតនៃជីវិត ដូចជាវប្បធម៌ជាដើម។ នេះអាចជាជំហានបន្ទាប់សម្រាប់យើងក្នុងជីវិតការងារ»។ ជម្រាបដែរថា មុនពេល Sanna Marin ក្លាយជានាយករដ្ឋមន្ត្រី អ្នកស្រីបានកាន់តំណែងជារដ្ឋមន្រ្តីដឹកជញ្ជូនសម្រាប់ប្រទេសហ្វាំងឡង់។ ក្នុងពេលកាន់តំណែងនោះ Sanna Marin បានតស៊ូមតិចង់ឱ្យកាត់បន្ថយពេលធ្វើការក្នុងមួយសប្តាហ៍ៗ ដើម្បីកែលម្អការប្រស្រ័យទាក់ទងគ្នា និងផលិតភាពរបស់បុគ្គលិក។ ប៉ុន្តែយ៉ាងណានៅហ្វាំងឡង់បច្ចុប្បន្ន វាជារឿងធម្មតាទេដែលធ្វើការ ៨ម៉ោង/ថ្ងៃ ហើយ ៥ថ្ងៃ/សប្តាហ៍។
សំណើនេះក៏ត្រូវបានស្វាគមន៍ភ្លាមៗដោយភាពរីករាយ ពីរដ្ឋមន្ត្រីក្រសួងអប់រំលោក Li Andersson ដែលជាមេដឹកនាំសម្ព័ន្ធខាងឆ្វេង។ អ្នកស្រីមានប្រសាសន៍ថា៖ «វាជាការសំខាន់ណាស់ដែលអនុញ្ញាតឱ្យពលរដ្ឋហ្វាំងឡង់ធ្វើការតិចជាងមុន។ វាមិនមែនជាសំណួរថា ព្រោះជាការគ្រប់គ្រងតាមស្ទីលមនុស្សស្រីទេ ប៉ុន្តែវាជាការជួយ និងរក្សាការសន្យាដល់អ្នកបោះឆ្នោត»។ នៅប្រទេសស៊ុយអែតដែលនៅជិតខាងនោះ ធ្វើការមួយថ្ងៃ ៦ម៉ោង ត្រូវបានគេអនុម័តតាំងពីឆ្នាំ២០១៥ ហើយលទ្ធផលបានបង្ហាញថា និយោជិកមានភាពរីករាយ មានទ្រព្យសម្បត្ដិ និងមានផលិតភាពកាន់តែច្រើន។ សូម្បីតែនៅក្នុងខែវិច្ឆិកា ក្រុមហ៊ុន Microsoft ជប៉ុន បានប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវតុល្យភាពជីវិតការងារ តាមរយៈការណែនាំរយៈពេលធ្វើការ ៣ថ្ងៃ/សប្តាហ៍ សម្រាប់បុគ្គលិករបស់ពួកគេ។ លទ្ធផលបានបង្ហាញថា ផលិតភាពបានកើនឡើងគួរឱ្យកត់សម្គាល់គឺ ៣៩.៩% ៕



អត្ថបទ៖ លីដា