មេរោគថ្មីមួយស្រដៀងនឹងជំងឺផ្តាសាយ តែអាចមានបង្កគ្រោះថ្នាក់ដល់ជីវិតកំពុងរាតត្បាតនៅប្រទេសចិន
ចិន៖ អាជ្ញាធរនៅក្នុងខេត្ត Wuhan ប្រទេសចិន បានបង្ហាញនូវក្តីកង្វល់មួយ បន្ទាប់ពីមានមេរោគថ្មីមួយដែលគេមិនទាន់ស្គាល់ឈ្មោះនៅឡើយ កំពុងរាតត្បាត និងគំរាមគំហែងអាយុជីវិតប្រជាពលរដ្ឋជាខ្លាំង។ អាជ្ញាធរចិនបានបញ្ជាក់ថា រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញឈ្មោះមេរោគថ្មីនេះនៅឡើយទេ តែអ្វីដែលគេអាចដឹងពីវានោះគឺវាមានលក្ខណៈដូចគ្នាទៅនឹងមេរោគនៃជំងឺផ្តាសសាយដែរ តែវាមានលក្ខណៈគ្រោះថ្នាក់ធ្ងន់ធ្ងរខ្លាំងជាងមេរោគនៃជំងឺផ្តាសសាយ ពោលគឺអាចប៉ះពាល់ដល់អាយុជីវិតបានក្នុងករណីព្យាបាលមិនទាន់ពេលវេលា។
ចំណុចដែលគេនិយាយថា វាមានលក្ខណៈដូចគ្នាទៅនឹងមេរោគនៃជំងឺផ្តាសាយនោះគឺ វាបានធ្វើឲ្យជនរងគ្រោះមានរោគសញ្ញាក្តៅខ្លួនខ្លាំង និងពិបាកដកដង្ហើម តែជនរងគ្រោះមិនហៀរសំបោរ ឬក្រដាស់ញឹកញាប់ដូចអ្នកកើតជំងឺផ្តាសាយឡើយ។ មេរោគថ្មីនេះផ្តើមរាតត្បាតនៅថ្ងៃទៅ ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ដោយមានមនុស្សឈឺដំបូងចំនួន ២៧ នាក់ ហើយមកដល់ត្រឹមថៃ្ងទី ៣ ខែមករា ឆ្នាំ ២០២០ ចំនួនអ្នកជំងឺបានកើនដល់ ៤៣ នាក់ហើយ។ ឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ខាងលើនេះ រដ្ឋាភិបាលនៃប្រទេសសិង្ហបុរី ម៉ាឡេស៊ី ហុងកុង ម៉ាកាវ តៃវ៉ាន់ និងកូរ៉េខាងត្បូង បានសម្រេចឲ្យមានការពិនិត្យសុខភាពអ្នកដំណើរនៅតាមច្រកព្រំដែនយ៉ាងតឹងរឹង ព្រោះគេខ្លាចជនបរទេសដែលមានមេរោគខាងលើនេះចូលមកចម្លងមេរោគចម្លែកមួយនេះទៅកាន់ប្រជាពលរដ្ឋរបស់ពួកគេ៕
អត្ថបទ៖ ភក្តី


