ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សងសឹកភ្លាមៗ! អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅលើកម្លាំងយោធា និងពួកសម្ព័ន្ធមិត្តអាមេរិកនៅអ៊ីរ៉ាក់ (មានវីដេអូ)

    BY autoadmin January 8, 2020
    សងសឹកភ្លាមៗ! អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅលើកម្លាំងយោធា និងពួកសម្ព័ន្ធមិត្តអាមេរិកនៅអ៊ីរ៉ាក់ (មានវីដេអូ)

    ក្រសួងការពារជាតិអាមេរិកនិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងច្រើនជាងមួយគ្រាប់សំដៅទៅលើកម្លាំងយោធា និងសម្ព័ន្ធមិត្តអាមេរិកនៅអ៊ីរ៉ាក់។ នៅក្នុងការបាញ់នេះផងដែរឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់និយាយថា វាជាការសងសឹកចំពោះសហរដ្ឋអាមេរិក ដែលបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺលោក Qassem Soleimani ។ ចំណែកមន្ទីរ PENTAGON និយាយថា ការវាយប្រហាររបស់អ៊ីរ៉ង់ត្រូវបានធ្វើឡើងនៅម៉ោងប្រហែល ១ និង ៣០នាទី ព្រឹកម៉ោងក្នុងស្រុកថ្ងៃអង្គារ។ ទីភ្នាក់ងារសារព័ត៌មាន Fars របស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាល ក៏បានបញ្ចេញវីដេអូរយៈពេល ៣នាទី ដែលបង្ហាញថា មីស៊ីលកំពុងត្រូវបានបាញ់បង្ហោះទៅលើយោធាអាមេរិក។

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់និយាយថា ឆ្មាំបដិវត្តអ៊ីស្លាមរបស់ប្រទេសបានបាញ់មីស៊ីលទៅកាន់មូលដ្ឋានអាកាស Al-Asad នៅភាគខាងលិចអ៊ីរ៉ាក់ វាជាទីដែលទាហានអាមេរិកកំពុងឈរជើង ហើយប្រតិបត្តិការនោះត្រូវបានអ៊ីរ៉ង់ហៅថា “Martyr Soleimani” ។ មូលដ្ឋានមួយទៀតនៅ Erbil ក៏ជាគោលដៅផងដែរ។ យ៉ាងណាមិញខណៈពេលនេះគេនៅមិនទាន់ច្បាស់ថា មានអ្នកស្លាប់និងរបួសទេ ហើយទំហំនៃការខូចខាតក៏មិនទាន់ដឹងដែរ។ បន្ទាប់ពីទទួលដំណឹងថា អ៊ីរ៉ង់បានវាយប្រហារមកកាន់ទីកន្លែងដែលយោធាអាមេរិកបានឈរជើង គេឃើញថាលោក Donald Trump, រដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo និង រដ្ឋមន្រ្តីការពារជាតិលោក Mark Esper សុទ្ធតែបានមកជំនួបគ្នានៅឯសេតវិមានភ្លាមៗ។ យោងតាមទូរទស្សន៍អ៊ីរ៉ង់បាននិយាយថា មីស៊ីលដែលបានប្រើក្នុងការវាយប្រហារនោះ គឺជាមីស៊ីលផ្លោង Fatteh-110 ដែលបាញ់បានាចម្ងាយ 186ម៉ាយ ឬ 300គីឡូម៉ែត្រ៕

    អត្ថបទ៖ លីដា

    Share This Post: