ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រាប់មីស៊ីល២ប្រភេទនេះហើយ ដែលអ៊ីរ៉ង់បាញ់ផ្លោងទៅលើទីតាំងឈរជើងរបស់យោធាអាមេរិកកាលពីយប់មិញ

    BY autoadmin January 8, 2020
    គ្រាប់មីស៊ីល២ប្រភេទនេះហើយ ដែលអ៊ីរ៉ង់បាញ់ផ្លោងទៅលើទីតាំងឈរជើងរបស់យោធាអាមេរិកកាលពីយប់មិញ

    អ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីលបាលីស្ទីកចំនួនប្រហែល ១២គ្រាប់ នៅគោលដៅចំនួន ២ ដែលជាកន្លែងឈរជើងកម្លាំងយោធា និងសម្ព័ន្ធមិត្តអាមេរិកនៅអ៊ីរ៉ាក់។ របាយការណ៍បានបង្ហាញថា មីស៊ីលផ្លោងចំនួនពីរប្រភេទត្រូវបានប្រើ ដើម្បីវាយប្រហារមូលដ្ឋានយោធាអាមេរិក Ain al-Asad ភាគខាងលិចអ៊ីរ៉ាក់ និងនៅជុំវិញតំបន់ Erbil នៅឃឺដអ៊ីរ៉ាក់ (Iraqi Kurdistan) ។ ភាគច្រើននៃមីស៊ីលទាំងនោះត្រូវបានគេជឿថា ជា Fateh-110 ដែលវាអាចធ្វើដំណើរបាន ១៨០ម៉ាយ ឬ ៣០០គីឡូម៉ែត្រ, មានទម្ងន់ ៣,៤៥០គីឡូក្រាម និងអាចផ្ទុកទម្ងន់ប្រហែល ៥០០ផោន ឬ ២២៦គីឡូក្រាម។ ចំណែក Qiam-1 ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីផលិតដោយប្រទេសអ៊ីរ៉ង់ ដែលអាចធ្វើដំណើរបានចម្ងាយ ៥០០ម៉ាយ, មានទម្ងន់សរុប ៦,១៥៥គីឡូក្រាម និងមានក្បាលរំសេវផ្ទុះទម្ងន់ ៧៥០ផោន ឬ ៣៤០គីឡូក្រាម។

    នៅពេលដែល Fateh-110 ត្រូវបានបង្កើតឡើង វាត្រូវរដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ង់លោកឧត្តមសេនីយ៍ទោ Amir Hatami ហោថា “ផលិតក្នុងស្រុក ១០០% រហ័សរហួន បំបាំងកាយ មានយុទ្ធសាស្ត្រខ្ពស់ និងបាញ់ដោយភាពជាក់លាក់”។ មីស៊ីលទាំងពីរត្រូវបានគេរាយការណ៍ថា ត្រូវបានគេបាញ់ចេញពីខេត្ត Tabriz និង Kermanshah នៅក្នុងប្រទេសអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Jonathan Hoffman បាននិយាយថា វាច្បាស់ណាស់ថា មីស៊ីលទាំងនេះត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់។ លោកបានបន្ថែមថា ការវាយប្រហារនេះបានផ្តោតទៅលើមូលដ្ឋានយោធាអ៊ីរ៉ាក់យ៉ាងតិចពីរនៅឯ Ain Assad និង Erbil ។ លោក Hoffman បាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការលើការវាយតម្លៃការខូចខាតសមរភូមិដំបូង”៕

    អត្ថបទ៖ លីដា

    Share This Post: