មេរោគចម្លែករាតត្បាតខ្លាំងនៅក្នុងប្រទេសចិន ពេលនេះបានរាតត្បាតដល់ប្រទេសថៃហើយ
អាជ្ញាធរសុខាភិបាលនៅអាកាសយានដ្ឋានសុវណ្ណភូមិនៃប្រទេសថៃ បានរកឃើញអ្នកទេសចរម្នាក់ទៀតហើយ ដែលត្រូវបានគេសង្ស័យថាមានផ្ទុកជំងឺថ្មីម៉្យាង ដែលកំពុងផ្ទុះឡើងនៅក្នុងប្រទេសចិន ហើយវាស្រដៀងនឹងជំងឺសារ (SARS) ។ ដូច្នេះសរុបមកទល់ពេលនេះ ប្រទេសថៃបានរកឃើញអ្នកគួរឱ្យសង្ស័យចំនួន ៥នាក់ រួចមកហើយ។ អ្នកទេសចរណ៍ដែលត្រូវបានអាជ្ញាធរសុខាភិបាលថៃដាក់ឱ្យនៅដោយឡែកពីគេនោះ គឺជាជនជាតិចិន ដែលមកពីស្រុក Wuhan នៅពេលដែលគាត់ធ្វើដំណើរឆ្លងកាត់ព្រលានយន្តហោះដ៏ល្បីរបស់ថៃមួយនេះ។

ខណៈពេលនេះនាងត្រូវបានគេផ្ទេរទៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura នៅ Nonthaburi ជាកន្លែងដែលអ្នកដំណើរ ៣នាក់ផ្សេងទៀត ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកនៅទីនោះ។ លោកវេជ្ជបណ្ឌិត Suwanchai បានប្រាប់កាសែត Bangkok Post ថា ក្រុមមន្រ្តីកំពុងរង់ចាំលទ្ធផលតេស្តមន្ទីរពិសោធន៍ ដើម្បីកំណត់អត្តសញ្ញាណជំងឺរបស់ស្ត្រីម្នាក់នោះ។ អ្នកធ្វើដំណើរ ៣នាក់ទៀត ដែលត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក គឺមានក្មេងប្រុសជនជាតិចិនអាយុ ៣ឆ្នាំ និងនិស្សិតថៃ ២នាក់។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីធ្វើតេស្តនៅវិទ្យាស្ដានរួច អ្នកទាំង៣ ត្រូវបានរកឃើញថា មិនផ្ទុកវីរុសដែលបង្កការឆ្លងជំងឺរលាកសួតដ៏អាថ៌កំបាំងនៅក្នុងទីក្រុង Wuhan ប្រទេសចិននោះទេ ហើយក៏ត្រូវបានបញ្ជូនឱ្យចេញពីវិទ្យាស្ថានផងដែរ៕

អត្ថបទ៖ លីដា