ស្លាប់ប៉ូលីសនិងបាតុករ ៤នាក់ នៅក្នុងការតវ៉ារឿងដីធ្លីក្នុងប្រទេសវៀតណាម
ក្រសួងសន្តិសុខសាធារណៈវៀតណាមបាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ក្នុងនោះមានប៉ូលីស ៣នាក់ បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះ នៅពេលដែលក្រុមអ្នកតវ៉ាបានវាយប្រហារទៅលើអាជ្ញាធរដែលព្យាយាមសាងសង់ជញ្ជាំងក្បែរព្រលានយន្តហោះយោធា។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនថា ក្រុមអ្នកតវ៉ាបានវាយប្រហារអាជ្ញាធរដោយប្រើគ្រាប់បែកដៃ គ្រាប់បែកសាំង និងកាំបិត នៅក្នុងភូមិដុងតាម (Dong Tam) ជិតរដ្ឋធានីហាណូយ។

ក្រសួងបាននិយាយថា ប៉ូលិស ៣នាក់ និងបាតុករម្នាក់ត្រូវបានសម្លាប់ រីឯអ្នកតវ៉ាម្នាក់ទៀតបានរងរបួស ដោយមិនបានបញ្ជាក់លម្អិតអំពីដំណើរហេតុនៃការតវ៉ារបស់ក្រុមបាតុករទេ។ ក្រសួងបាននិយាយថា៖ «អាជ្ញាធរបានបើកការស៊ើបអង្កេតលើករណីនេះ ហើយបានចាប់ខ្លួនពួកអ្នកបំពានមួយចំនួន»។ គួរឱ្យដឹងដែរថា ជម្លោះលើបញ្ហាដីធ្លីបានកើតឡើងនៅប្រទេសវៀតណាម ទោះបីយ៉ាងណានេះជាលើកទីមួយហើយដែលប៉ូលីសត្រូវបានសម្លាប់ក្នុងជំលោះបែបនេះ៕

អត្ថបទ៖ លីដា