ក្រុងបាងកកបានក្លាយជាទីក្រុងទី៣ នៅលើពិភពលោកដែលមានខ្យល់កខ្វក់កម្រិតខ្ពស់
របាយការណ៍ការបរិស្ថានថ្មីមួយបានបង្ហាញថា ទីក្រុងបាងកក ប្រទេសថៃបានក្លាយជាទីក្រុងដែលមានខ្យល់កខ្វក់កម្រិតទី ៣ នៅលើពិភពលោក នេះបើគិតតាមការសិក្សាត្រឹមសប្ដាហ៍នេះ។ ការសិក្សាមួយនេះបានបង្ហាញថា ខ្យល់កខ្វក់នៅក្នុងប្រទេសថៃមានកម្រិត PM ២,៥ ហើយនៅម៉ោងប្រហែលជា ៩ និង ៣០ នាទីព្រឹក កម្រិតធូលីនៅក្នុងបរិយាកាសបានកើតដល់ ១១៩ មីលីក្រាមក្នុងខ្យល់មួយម៉ែត្រគូប ហើយនៅម៉ោង ៦ ល្ងាច កម្រិតធូលីបានធ្លាក់ចុះមកសល់ត្រឹម ៣៣,៩ នៅក្នុងខ្យល់មួយម៉ែត្រគូប។

ចំណាត់ថ្នាក់លេខ ៣ របស់ទីក្រុងបាងកក គឺតាមពីក្រោយទីក្រុង Canberra របស់ប្រទេសអូស្ត្រាលី និងទីក្រុង New Delhi របស់ប្រទេសឥណ្ឌា។ សូមបញ្ជាក់ថា ទីក្រុង Canberra របស់ប្រទេសអូស្ត្រាលី បានក្លាយទីក្រុងមានខ្យល់កខ្វក់កម្រិតខ្ពស់ក៏ដោយសារតែ ប្រទេសមួយនេះមានបញ្ហាភ្លើងឆេះព្រៃស្ទើរតែពេញផ្ទៃប្រទេសកាលពីពេលថ្មីនេះ។ ដោយឡែកកត្តាដែលធ្វើឲ្យទីក្រុងបាងកកមានកម្រិតខ្យល់កខ្វក់ខ្ពស់នោះគឺដោយសារបញ្ហាជាច្រើន មានទាំងកត្តាយានយន្ត កត្តាអាកាសធាតុ កត្តាមនុស្ស និងកត្តាផ្សេងៗជាច្រើនទៀត ដែលកើតមានរ៉ាំរ៉ៃក្នុងក្រុងមួយនេះយូរមកហើយ៕
អត្ថបទ៖ភក្តី