ជនជាតិវៀតណាមប្រមាណជាង ១០នាក់ ត្រូវបានតៃវ៉ាន់ពិន័យជាទឹកប្រាក់ ៣៣,០០០ដុល្លារអាមេរិក ពីបទបរិភោគសាច់ឆ្កែ
ព័ត៌មានពីតៃវ៉ាន់បានរាយការណ៍ថា ពលករចំណាកស្រុកវៀតណាមចំនួន ១៦នាក់ នៅភាគកណ្តាលតៃវ៉ាន់ ត្រូវបានពិន័យជាប្រាក់ចំនួន ១,០០០,០០០ ដុល្លារតៃវ៉ាន់ ឬ ៣៣,០០០ ដុល្លារអាមេរិក សម្រាប់ការសម្លាប់ និងបរិភោគឆ្កែមួយក្បាល។ ពួកគេគឺជាជនជាតិវៀតណាមមួយក្រុម (មានទាំងប្រុសទាំងស្រី) ធ្វើការនៅរោងចក្រប្រព្រឹត្តកម្មទឹកមួយរបស់តៃវ៉ាន់។ នៅក្នុងការឃាត់ខ្លួននោះគេក៏បានឃើញសាច់ឆ្កែនៅក្នុងឆ្នាំង ខណៈក្បាលរបស់វាត្រូវបានរុំក្នុងប្លាស្ទិច នៅឯកន្លែងចោលសំរាមក្បែរផ្ទះបាយរបស់ពួកគេ។ ការពិតទៅវាជារឿងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ មកម៉្លេះ ប៉ុន្តែតុលាការតៃវ៉ាន់ទើបតែសម្រេចបង្គាប់ការពិន័យកាលពីពេលថ្មីៗនេះ។

ច្បាប់ការពារសត្វតៃវ៉ាន់បានចែងថា ការសម្លាប់សត្វឆ្កែ ឬឆ្មា ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងឈានដល់ការពិន័យជាប្រាក់ ២លានដុល្លារតៃវ៉ាន់ (ជាង ៦៦,៧០០ដុល្លារអាមេរិក)។ ចំពោះអ្នកដែលបរិភោគសាច់ឆ្កែ ឬសាច់ឆ្មា អាចត្រូវពិន័យជាប្រាក់រហូតដល់ ២៥០,០០០ដុល្លារតៃវ៉ាន់ ឬ ៨,៣០០ដុល្លារអាមេរិក។ ច្បាប់ការពារសត្វរបស់តៃវ៉ាន់ទទួលបានការធ្វើវិសោធនកម្មដ៏សំខាន់មួយនៅពាក់កណ្តាលឆ្នាំ ២០១៨ ដោយហាមឃាត់យ៉ាងជាក់លាក់ចំពោះការសម្លាប់ និងការបរិភោគសត្វឆ្មា និងឆ្កែ ហើយបានបង្កើនការដាក់ទណ្ឌកម្មចំពោះការរំលោភបំពាននានា៕


អត្ថបទ៖ លីដា