អគ្គស្នងការប៉ូលីសថៃប្រកាសផ្តល់រង្វាន់ទឹកប្រាក់៥០ម៉ឺនបាតសម្រាប់អ្នកអាចចាប់ខ្មាន់កាំភ្លើង ដែលបាញ់ប្រហារយ៉ាងសាហាវនៅក្នុងផ្សារទំនើបបាន
ថៃនឹងផ្ដល់រង្វាន់លើកទឹកចិត្តចំនួន ៥០០,០០០បាត ស្មើនឹង ១៦,៥០០ដុល្លារអាមេរិក ជូនដល់នរណាម្នាក់ដែលអាចចាប់ខ្លួនចោរប្លន់ហាងមាស ដែលបានសម្លាប់មនុស្ស ៣នាក់ (មានក្មេងប្រុសម្នាក់) និងបង្កឱ្យមានការរងរបួសចំនួន ៤នាក់ទៀត នៅក្នុងផ្សារទំនើបមួយក្នុងស្រុក Muang កាលពីយប់ថ្ងៃព្រហស្បតិ៍។ ប្រាក់រង្វាន់ត្រូវបានប្រកាសនៅថ្ងៃសុក្រដោយអគ្គស្នងការប៉ូលីសជាតិ ឧត្តមសេនីយ៍ឯកលោក Chakthip Chaijinda ។ បុរសជាចោរបានចូលទៅក្នុងហាងមាស Aurora នៅខាងក្នុងផ្សារ Robinson បណ្ដោយផ្លូវហាយវេ Phahon Yothin ក្នុងឃុំ Kok Ko នាម៉ោងប្រហែល ៨ និង ៤៤ នាទីយប់។

ចោរប្លន់បានបិទមុខជិត, ពាក់អាវខ្មៅ, ខោប៉ារ៉ា និងមានកាន់កាំភ្លើងខ្លីតកាណុង កុំឱ្យឮសំឡេងគ្រាប់កាំភ្លើងទៀតផង។ ចោរប្លន់ម្នាក់នោះបានបាញ់ទៅលើបុគ្គលិកហាង, អតិថិជនហាង និងក្មេងតូចម្នាក់ បន្ទាប់មកក៏លោតចុះពីលើទូតាំង ហើយប្រមូលបានខ្សែកមាសចំនួន ៣ខ្សែដែលមានតម្លៃប្រហែល ៥០០,០០០បាត។ នៅពេលដែលចោរបានចាកចេញ គេបានបាញ់សន្តិសុខម្នាក់ឱ្យស្លាប់ ហើយក្រោយមកក៏គេចខ្លួនទៅជាមួយនឹងម៉ូតូ Yamaha Fino ដែលគ្មានស្លាកលេខនោះទេ៕


អត្ថបទ៖ លីដា