សាលារៀនមួយនៅប្រទេសថៃ ដាក់ឧបករណ៍វាស់សំឡេងនៅកន្លែងគោរពទង់ជាតិ បើសិស្សស្រែកច្រៀងភ្លេងជាតិមិនដល់កម្រិតទេ មិនឲ្យចូលរៀនឡើយ
ថៃ៖ សាលារៀនមួយនៅក្នុងខេត្ត ប៉ាទុំតានី ប្រទេសថៃបានសម្រេចលុបចោលបទបញ្ជាចម្លែកមួយ ដែលតម្រូវឲ្យសិស្សទាំងអស់ត្រូវស្រែកច្រៀងបទភ្លេងជាតិខ្លាំងៗ ពោលគឺដល់កម្រិត ៨៥ Decibel (ឯកតាសម្រាប់វាស់កម្រិតសំឡេង)។ សូមបញ្ជាក់ជូនថា កាលពីពេលថ្មីៗនេះសាលារៀនមួយនេះ បានដាក់ចេញនូវបញ្ជាយ៉ាងតឹងរឹងបំផុតចំពោះការច្រៀងភ្លេងជាតិ ដោយតម្រូវឲ្យសិស្សទាំងអស់ត្រូវបង្ហាញខ្លួននៅមុខដងទង់ជាតិដើម្បីច្រៀងភ្លេងជាតិឲ្យបានគ្រប់ៗគ្នាទើបអាចចូលរៀនបាន។ ការច្រៀងបទភ្លេងជាតិនេះទៀតសោធ គឺខាងសាលាបានបានបំពាក់នូវឧបករណ៍សម្រាប់វាស់កម្រិតសំឡេង ហើយទាល់តែសិស្សប្រឹងស្រែកច្រៀងដល់កម្រិត ៨៥ Decibel ទើបអាចចូលរៀនបាន បើមិនដូចនោះទេក្រុមសិស្សទាំងអស់ត្រូវតែប្រឹងច្រៀងម្តងហើយម្តងទៀតរហូតដល់កម្រិតខាងលើ។

ការធ្វើដូចនេះត្រូវបានខាងសាលាបញ្ជាក់ថា ដើម្បីបង្កើនសាមគ្គីភាព និងភក្តីភាពកាន់តែខ្លាំងសម្រាប់ជាតិថៃ។ យ៉ាងណាក្តី មានសាធារណៈជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះបទបញ្ជាចម្លែកនេះ រហូតដល់មានការសិក្សាមួយបានឃើញទៀតថា ការប្រឹងស្រែកច្រៀងដល់កម្រិតសំឡេង ៨៥ Decibel អាចបង្កឲ្យមានបញ្ហាដល់បំពងកសិស្សទៀតផង ខណៈកម្រិតសំឡេងស្ដង់ដារនៅអាមេរិកគឺត្រឹមតែ ៧៥ Decibel តែប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះសាលារៀនខាងលើ បានសម្រេចលុបចោលបទបញ្ជាខាងលើនេះជាផ្លូវការហើយ៕
អត្ថបទ៖ ភក្តី