ជំងឺប្រភេទថ្មី ដែលកំពុងរាតត្បាតនៅប្រទេសចិននោះ ឥលូវនេះមានអ្នកស្លាប់ដោយសារជំងឺនេះហើយ
អាជ្ញាធរចិនបានរាយការណ៍ថា មានករណីការស្លាប់ទីមួយហើយ ចាប់តាំងពីវីរុសរលាកសួត pneumonia បានផ្ទុះឡើងយ៉ាងចម្លែកមិនធ្លាប់មានពីមុនមក។ មន្ត្រីសុខាភិបាលនៅទីក្រុង Wuhan និយាយថា មានមនុស្សម្នាក់បានស្លាប់ និង ៧នាក់ទៀត ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ហើយមកទល់ពេលនេះមាន ៤១ករណី ហើយដែលអ្នកជំងឺបានឆ្លងជំងឺនេះ ចាប់តាំងពីមានការផ្ទុះកាលពីខែមុនមក។

អង្គការសុខភាពពិភពលោកនិយាយថា រោគសញ្ញារបស់អ្នកជំងឺបង្ហាញថា ជំងឺនេះបណ្តាលមកពីវីរុសក្រុម coronavirus ។ អាជ្ញាធរនៅទីក្រុង Wuhan និយាយថា មិនមានករណីថ្មីណាមួយត្រូវបានរកឃើញទេចាប់តាំងពីថ្ងៃទី០៣ ខែមករា ហើយក៏មិនមានភ័ស្តុតាងនៃការឆ្លងពីមនុស្សទៅមនុស្សទេ។ ដូច្នេះពេលនេះពួកគេនៅមិនទាន់ច្បាស់ថា តើមេរោគនោះបានរាលដាលតាមរយៈអ្វីនោះទេ។ ប៉ុន្តែមន្ត្រីក្នុងតំបន់និយាយថា ភាគច្រើននៃអ្នកជំងឺគឺជាអ្នកធ្វើការនៅផ្សារលក់គ្រឿងសមុទ្រមួយ ដែលពេលនេះផ្សារនោះក៏ត្រូវបានគេបិទទ្វារដើម្បីសិក្សាផងដែរ៕



អត្ថបទ៖ លីដា