ភ្នំភ្លើងមួយនៅលើកោះរបស់ហ្វីលីពីនបានផ្ទុះឡើង មានផ្សែង និងផេះបាញ់ឡើង ១៥គីឡូម៉ែត្រ ទៅលើមេឃ
ភ្នំភ្លើងមួយនៅលើកោះលូហ្សុន (Luzon) របស់ហ្វីលីពីនបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ដែលបង្កឱ្យមានការជម្លៀសមនុស្សរាប់ពាន់នាក់។ អាជ្ញាធរមូលដ្ឋាននិយាយថា ពួកគេមិនបានបញ្ជាក់ពីរបាយការណ៍នៃការរងរបួសទេរហូតមកដល់ពេលនេះ។ វិទ្យាស្ថានសិក្សាពីភ្នំភ្លើង និងការរញ្ជួយដី ហ្វីលីពីននិយាយថា ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ១ រសៀល នៅថ្ងៃអាទិត្យក្បែរភ្នំភ្លើង Taal ។ ការផ្ទុះដែលត្រូវបានគេជឿថា ជាការផ្ទុះដ៏ធំមួយដែលបានបណ្តាលឱ្យមានផ្សែង និងផេះដល់ទៅ ១៥គីឡូម៉ែត្រ ទៅលើមេឃ។

ភ្នំភ្លើងដែលមានកម្ពស់ប្រហែល ៣០០ម៉ែត្រស្ថិតនៅលើកោះមួយ នៅចំកណ្តាលបឹង Taal ចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ខាងត្បូងរដ្ឋធានីម៉ានីល។ ក្រុមវិទ្យាស្ថានក៏បានប្រកាសអាសន្ននៅជុំវិញភ្នំភ្លើង Taal ក្នុងកម្រិតទី ៤ ដែលជាកម្រិតខ្ពស់បំផុតទី២ មាត្រដ្ឋាន ៥ ដោយព្រមានថា ការផ្ទុះដ៏គ្រោះថ្នាក់មួយទៀតអាចកើតឡើងនៅទីនោះក្នុងរយៈពេលជាច្រើនថ្ងៃ។ អាជ្ញាធរកំពុងណែនាំប្រជាជនក្នុងចម្ងាយ ១៤គីឡូម៉ែត្រពីភ្នំភ្លើង ដើម្បីជម្លៀសចេញ។ ផេះដែលបាញ់ទៅលើមេឃបានជំរុញឱ្យអាជ្ញាធរអាកាសយានដ្ឋានផ្អាករាល់ជើងហោះហើរទៅ/មក ពីអាកាសយានដ្ឋានអន្តរជាតិម៉ានីលនីណូអាគីណូ (Manila Ninoy Aquino International Airport) ៕




អត្ថបទ៖ លីដា