រូបិយប័ណ្ណ «យ័ន» របស់ចិននឹងលែងស្ថិតក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិកទៀតហើយ
សហរដ្ឋអាមេរិកបានប្ដូរការសម្រេចចិត្តរបស់ខ្លួន ក្នុងការដាក់នាមរូបិយប័ណ្ណរបស់ចិនថាជា «អ្នកក្រឡុកតម្លៃ» នៅពេលដែលប្រទេសទាំងពីរត្រៀមនឹងចរចាសង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ។ សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការផ្លាស់ប្តូរការសម្រេចនេះ ដោយសារតែប្រទេសចិនបានយល់ព្រមទប់ទល់មិនឱ្យតម្លៃរូបិយប័ណ្ណរបស់ខ្លួនចុះថ្លៃ ដើម្បីធ្វើឱ្យទំនិញផ្ទាល់ខ្លួនមានតម្លៃទាបសម្រាប់អ្នកទិញបរទេស។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើសន្ធិសញ្ញា «ដំណាក់កាលទី១» នៅសប្តាហ៍នេះ។ កិច្ចព្រមព្រៀងនេះមានគោលបំណងកាត់បន្ថយសង្គ្រាមពន្ធលើទំនិញ ដែលប្រទេសទាំងពីរបានធ្វើដាក់គ្នាតាំងពីឆ្នាំ២០១៨។

រដ្ឋលេខាធិការក្រសួងរតនាគារអាមេរិកលោក Steven Mnuchin បានមានប្រសាសន៍ថា៖ «ប្រទេសចិនបានប្តេជ្ញាអនុវត្តដើម្បីទប់ពីការបញ្ជុះតម្លៃ ខណៈពេលដែលលើកកម្ពស់តម្លាភាព និងគណនេយ្យភាព»។ គួររំលឹកដែរថា ប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ម្តងហើយម្តងទៀតចំពោះប្រទេសចិន ដែលអនុញ្ញាតឱ្យតម្លៃប្រាក់យ័នធ្លាក់ចុះ ដែលធ្វើឱ្យទំនិញចិនមានតម្លៃថោក។ ប៉ុន្តែកាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកបាននិយាយថា តម្លៃប្រាក់យ័នបានឡើងថ្លៃចាប់តាំងពីខែសីហា នៅពេលសង្គ្រាមពាណិជ្ជកម្មឡើងដល់កម្រិតកាន់តែពិបាក។ លោក Mnuchin ក៏បាននិយាយផងដែរថា ប្រទេសចិនបានប្តេជ្ញាអនុវត្តដើម្បីទប់ស្កាត់ការទម្លាក់តម្លៃ និងចែករំលែកព័ត៌មានបន្ថែមអំពីអត្រាប្តូរប្រាក់របស់ខ្លួន៕



អត្ថបទ៖ លីដា