អន្តរជាតិ

អ្នករស់នៅទីក្រុងបាងកកជិត ៤០,០០០នាក់ នាំគ្នាស្វែងរកការព្យាបាលជំងឺផ្លូវដង្ហើម ដោយសារបញ្ហាខ្យល់ពុលក្នុងទីក្រុង

BY
autoadmin
January 14, 2020

នាយកដ្ឋានសុខាភិបាលក្រុងបាងកក (Bangkok Metropolitan Administration) កាលពីថ្ងៃចន្ទ បានចេញផ្សាយរបាយការណ៍មួយដែលបង្ហាញថា ប្រជាជនជិត ៤០,០០០នាក់ នៅក្នុងសង្កាត់ធំៗចំនួន ២ របស់ទីក្រុង បានស្វែងរកការព្យាបាលវេជ្ជសាស្ត្រទាក់ទងនឹងជំងឺផ្លូវដង្ហើម នៅឯតាមមន្ទីរពេទ្យ ចាប់តាំងពីខែកញ្ញាឆ្នាំមុន។ លើសពីនេះមន្ទីរបរិស្ថានរបស់ BMA ក៏បានរាយការណ៍កាលពីថ្ងៃច័ន្ទ អំពីកម្រិតគ្មានសុវត្ថិភាពនៃកំហាបភាគល្អិតនិចល PM2.5 នៅក្នុងសង្កាត់ទាំង ២ និងបានជំរុញឱ្យប្រជាជនពាក់ម៉ាស់មុខពេលចេញខាងក្រៅ។

នាយកដ្ឋានបរិស្ថានរបស់ BMA បាននិយាយថា៖ «សង្កាត់សំខាន់ចំនួន ២ របស់ទីក្រុងបាងកក គឺ Phra Nakhon និង Wang Thonglang បានបង្ហាញកំហាបភាគល្អិតនិចល PM2.5 របស់ខ្លួននៅកម្រិត ៣១-៥៤មីលីក្រាម/ម៉ែត្រគូប ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈពេលដែលកម្រិតសុវត្ថិភាព គឺក្រោម ៥០មីក្រូក្រាម»។ ជាមួយគ្នានេះលេខាធិការអចិន្រ្តៃយ៍របស់ BMA គឺអ្នកស្រី Silapasuay Raweesaengsoon បាននិយាយថា BMA បានបញ្ជាឱ្យមន្ទីរពេទ្យ Taksin, មន្ទីរពេទ្យ Charoenkrung Pracharak និងមន្ទីរពេទ្យ Klang បើកគ្លីនិកពិនិត្យសុខភាព ទាកទងនឹងការបំពុលបរិយាកាសដើម្បីព្យាបាលមនុស្ស។ នាយកដ្ឋានសុខាភិបាល BMA បាននិយាយថា ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ ទៅដល់ថ្ងៃទី០៩ ខែមករា ឆ្នាំនេះ មនុស្សចំនួន ៣៨,៨០៣នាក់ បានស្វែងរកការព្យាបាលជំងឺ ដែលទាក់ទងនឹងផ្សែងអ័ព្ទនៅតាមមន្ទីរពេទ្យក្រោមការត្រួតពិនិត្យរបស់ BMA ៕

អត្ថបទ៖ លីដា
ប្រភព៖ ស៊ីនហួរ

Share This Post: