សូមប្រុងប្រយ័ត្ន! អាជ្ញាធរសុខាភិបាលចិននិយាយថា ជំងឺកំពុងរាតត្បាតនៅចិនអាចឆ្លងពីមនុស្សទៅមនុស្សបាន
អាជ្ញាធរសុខាភិបាលក្នុងប្រទេសចិនបាននិយាយថា ពួកគេមិនអាចប្រកែកថារីរុសដែលកំពុងផ្ទុះឡើងយ៉ាងចម្លែកនេះមិនឆ្លងគ្នាតាមរយៈមនុស្សនោះទេ ដោយសម្អាងលើករណីដែលទាក់ទងនឹងប្តីប្រពន្ធមួយគូបានឆ្លងវីរុសនេះពីគ្នា។ រំលឹកដែរថា ស្រុក Wuhan ក្នុងខេត្ត Hubei រងការវាយប្រហារដោយការផ្ទុះឡើងនៃវីរុសជំងឺរលាកសួត (pneumonia) យ៉ាងចម្លែកចាប់តាំងពីខែធ្នូ ចុងឆ្នាំ២០១៩ មកម៉្លេះ។ ប្រភេទមេរោគថ្មីនេះត្រូវបានឆ្លងទៅមនុស្សចំនួន ៤១នាក់ និងនៅប្រទេសថៃ ១នាក់ ហើយវាបានសម្លាប់លោកតាម្នាក់ ដែលមានវ័យ ៦១ឆ្នាំផងដែរ។

អាជ្ញាធរសុខាភិបាល Wuhan បាននិយាយកាលពីថ្ងៃពុធថា ករណីដែលសង្ស័យថាជំងឺនេះអាចឆ្លងពីមនុស្សទៅកាន់មនុស្ស គឺដោយសារតែប្តីប្រពន្ធដែលរស់នៅជាមួយគ្នាមួយគូ បានឆ្លងជំងឺនេះតពីគ្នា។ ដោយដំបូងឡើយគឺប្ដីជាអ្នកឆ្លងជំងឺនេះមុន នៅពេលដែលគាត់បានទៅផ្សារលក់គ្រឿងសមុទ្រដែលមានផ្ទុះវីរុសនោះ ហើយប្រពន្ធគាត់មិនបានទៅប៉ះទីនោះទេ។ ក្រោយមកអ្នកទាំង២ ត្រូវបានគេរកឃើញថា មានឆ្លងវីរុសនេះទាំង២នាក់ ដែលនេះនាំឱ្យគេអាចសន្និដ្ឋានថា វាអាចដែលថាវីរុសនេះឆ្លងតគ្នា។ ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាករណីកម្រ ព្រោះពួកគេមិនទាន់ឃើញមានការឆ្លងតគ្នានៅតំបន់មានមនុស្សច្រើននៅឡើយទេ៕


អត្ថបទ៖ លីដា