ក្មេងប្រុសម្នាក់មីញ៉ូបភ្នែករហូតដល់ទៅជិត ១,០០០ដឺក្រេ ដោយសារទម្លាប់លេងហ្គេមទូរស័ព្ទច្រើនពេក
បើនិយាយទៅឧបករណ៍ចល័តនាំទាំងអត្ថប្រយោជន៍ និងផលវិបាកដល់មនុស្សក្នុងសម័យទំនើបនេះ។ វាជាឧបករណ៍ដែលឱ្យមនុស្សធំអាចមានទំនាក់ទំនងនឹងគ្នា,កម្សាន្ត និងស្រាវជ្រាវ ក៏ដូចជាការចែករំលែកផ្សេងៗ។ ប៉ុន្តែបញ្ហាដែលយើងតែងតែឃើញជារឿយៗ គឺភាគច្រើនវាត្រូវបានប្រើប្រាស់ដោយកុមារតូចៗ នៅពេលដែលម្ដាយឪពុករបស់ពួកគេរវល់ ហើយចង់កាត់បន្ថយពេលវេលាមើលថែពួកគេដោយផ្ទាល់។ នេះហើយគឺជាអ្វីដែលគួរឱ្យបារម្ភបំផុត ហើយពេលខ្លះហានិភ័យវាលើសពីការគិតទុក។ ជាក់ស្ដែងដូចក្មេងប្រុងវ័យ ៥ឆ្នាំម្នាក់នេះ គេមានទម្លាប់ប្រើទូរស័ព្ទលេងហ្គេមតាំងតែពីអាយុ ៣ឆ្នាំ លុះក្រោយមកបាន ២ឆ្នាំ រូបគេក៏បានមានបញ្ហាទូរន្ធភាព (មីញ៉ូប) ហើយឡើងដល់ជិត ១,០០០ដឺក្រេ ឯណោះ។

បើយោងតាម Sin Chew Daily និយាយថា ក្មេងប្រុសនោះមានអាយុ ៥ឆ្នាំ មកពីស្រុក Dongguan ប្រទេសចិន។ រូបគេតែងតែត្អូញត្អែរថាពិបាកក្នុងការមើល ហើយជួនកាលក្មេងប្រុសនោះបានញីភ្នែក ដើម្បីសម្រួលឱ្យមើលឃើញបានប្រសើរ។ លុះក្រោយឃើញក្មេងប្រុសតែងមានទម្លាប់បែបនេះ គ្រួសាររបស់ក្មេងប្រុសបានបាននាំគេទៅពេទ្យភ្នែកដើម្បីពិនិត្យភ្លាម។ លទ្ធផលក៏បានបង្ហាញថា ក្មេងប្រុសមីញ៉ូប ៩៧៥ដឺក្រេ និងអាក់ស្ទីម៉ាត ២២៥ដឺក្រេ នៅភ្នែកខាងស្ដាំ ចំណែកភ្នែកខាងឆ្វេងគឺមីញ៉ូប ៧៥០ដឺក្រេ និងអាក់ស្ទីម៉ាត ៣០០ដឺក្រេ។ ភ្នែករបស់ក្មេងប្រុសមានបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់ ដែលគ្រូពេទ្យតម្រូវឱ្យគេមកពិនិត្យឱ្យបាន ៣ខែ មួយដងទៀតផង។ ដូច្នេះហើយសម្រាប់ម្ដាយឪពុកដែលឧស្សាហ៍ទុកកូនចោល សូមគិតសារឡើងវិញអំបីបញ្ហាទាំងនេះ៕


អត្ថបទ៖ លីដា