មិនត្រឹមតែរៀនចប់ពីសាលាវេជ្ជសាស្ត្រហាវ៉ាដ និងជាអតីតកងនាវាជើងទឹកប៉ុណ្ណោះទេ បុរសម្នាក់នេះជាជនជាតិ កូរ៉េ-អាមេរិកាំង ដំបូងបំផុតដែលគ្រោងទៅកាន់ទីអវកាស
មិនត្រឹមតែជាអ្នកបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រហាវ៉ាដ និងជាកងនាវាជើងទឹកប៉ុណ្ណោះទេ លោក Jonny Kim កំពុងតែបង្កើតស្នាដៃថ្មីមួយទៀតយ៉ាងអស្ចារ្យ។ បច្ចុប្បន្នលោក Jonny Kim មានវ័យ ៣៥ឆ្នាំ ហើយលោកគឺជាជនជាតិ កូរ៉េ-អាមេរិកាំង ដំបូងគេបំផុត ដែលបានក្លាយជាអវកាសយានិករបស់អង្គការណាសា។ លោក Jonny Kim រួមជាមួយមនុស្ស ១២នាក់ ផ្សេងទៀតបានបញ្ចប់ការសិក្សាពីកម្មវិធីអាតេមីស (Artemis) របស់អង្គការណាសាកាលពីសប្តាហ៍មុន ដែលអនុញ្ញាតឱ្យអវកាសយានិកមានសិទ្ធិចូលរួមក្នុងបេសកកម្មទៅស្ថានីយ៍អវកាសអន្តរជាតិទៅដល់ព្រះច័ន្ទ និងសូម្បីតែភពអង្គារ។ លោក Jonny Kim គឺជាសមាជិកម្នាក់ក្នុងចំណោម ១១នាក់ ដែលបានជាប់ និងបានជ្រើសរើសចេញពីបេក្ខជនដែលដាក់ពាក្យរហូតដល់ទៅ ១៨,០០០នាក់។

លោក Jonny Kim ធ្លាប់បាននិយាយនៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៧ ជាមួយណាសាថា៖ «ឪពុកម្តាយរបស់ខ្ញុំគឺជាជនអន្តោប្រវេសន៍កូរ៉េខាងត្បូង ដែលបានមកអាមេរិកនៅដើមទសវត្សទី៨០ ដើម្បីក្តីសង្ឃឹមនៃជីវិតដ៏ប្រសើរសម្រាប់កូនៗរបស់ពួកគាត់»។ ក្រោយបន្ទាប់ពី Jonny Kim បានបញ្ចប់ថ្នាក់វិទ្យាល័យនៅ Los Angeles លោកបានចូលរួមជាមួយកងទ័ពជើងទឹកក្នុងនាមជាអ្នករើសទាហានជើងទឹក ដែលនៅទីបំផុតបាននាំគាត់ឱ្យទទួលបានឋានៈជាយោធាវរជននៃកងទ័ពជើងទឹក SEAL ។ អង្គការណាសាបាននិយាយថា គាត់បានបម្រើការជាអ្នកប្រយុទ្ធ, អ្នកលបបាញ់ និងជាអ្នកស្ទង់មើលទិសទីលើប្រតិបត្តិការប្រយុទ្ធជាង ១០០ នៅទូទាំងការដាក់ពង្រាយចំនួន ២ ទៅកាន់មជ្ឈិមបូព៌ា។
Jonny Kim ក៏ទទួលបានសញ្ញាប័ត្រគណិតវិទ្យានៅសាកលវិទ្យាល័យសាន់ឌីហ្គោ និងបណ្ឌិតផ្នែកវេជ្ជសាស្ត្រនៅសាលាវេជ្ជសាស្ត្រហាវ៉ាដ។ នៅពេលជ្រើសរើសបេក្ខជនអវកាសយានិករបស់គាត់ កាលពីខែមិថុនា ឆ្នាំ២០១៧ លោក Jonny Kim គឺជាគ្រូពេទ្យដែលស្នាក់នៅក្នុងមន្ទីរពេទ្យមួយក្នុងរដ្ឋម៉ាសាឈូសេត។ លោក Jonny Kim ចង់ក្លាយជាអវកាសយានិកពីព្រោះគាត់ «ជឿជាក់លើបេសកកម្មរបស់អង្គការណាសា ក្នុងការជំរុញព្រំដែននៅអវកាសរបស់មនុស្សទាំងអស់ ខណៈពេលកំពុងបង្កើតការច្នៃប្រតិដ្ឋនិងបច្ចេកវិទ្យាថ្មី ដែលនឹងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ»។ ប៉ុន្តែសម្រាប់អ្នកដែលគិតថា សមិទ្ធិផលទាំងនេះបានមកដោយងាយស្រួលគិតម្តងទៀត ព្រោះគាត់និយាយថា៖ «អ្វីៗទាំងអស់ដែលមានតម្លៃគឺពិបាកណាស់ក្នុងការទទួលបាន»៕




អត្ថបទ៖ លីដា