ថៃរកឃើញអ្នកទេសចរទី២ហើយ ដែលបានឆ្លងជំងឺរលាកសួតចេញពីប្រទេសចិន
ក្រសួងសុខាភិបាលថៃបានរាយការណ៍ថា ពួកគេបានរកឃើញអ្នកទេសចរចិនទី២ ដែលមានជំងឺរលាកសួតចេញពីក្រុមរីរុស coronavirus ។ អ្នកទេសចរជនជាតិចិនម្នាក់នោះបានមកដល់អាកាសយានដ្ឋានសុវណ្ណភូមិ កាលពីថ្ងៃទី១៣ ខែមករា ពីទីក្រុង Wuhan ប្រទេសចិន។ ចំណែកអ្នកដែលរកឃើញថាមានជំងឺនេះទី១ ក៏បានធ្វើការឆ្លងកាត់តាមព្រលានសុវណ្ណភូមិនេះដូចគ្នាដែរ កាលពីថ្ងៃទី០៨ ខែមករា កន្លងទៅ។ ប្រភពដដែលបាននិយាយថា ពេលនេះស្ត្រីអ្នកទេសចរដែលត្រូវបានគេរកឃើញថាជាជនទី២ កំពុងតែសម្រាកព្យាបាលនៅដាច់ដោយលែកពីគេនៅក្នុងមន្ទីរព្យាបាលមួយរបស់ប្រទេសថៃ ហើយជនរងគ្រោះទី១ បានធូរស្រាល និងបានត្រឡប់ទៅផ្ទះវិញហើយ។

គិតជាមធ្យមភ្ញៀវទេសចរចិនប្រមាណ ១,២០០ ទៅ ១,៤០០នាក់ មកពីទីក្រុង Wuhan ចូលមកដល់ប្រទេសថៃជារៀងរាល់ ហើយខណៈដែលវាជារដូវកាលឈប់សម្រាកបុណ្យចូលឆ្នាំផងនោះ ប្រទេសថៃក៏កំពុងពង្រឹងការតាមដានសុខភាពនៅតាមព្រលានយន្តហោះសំខាន់ៗផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ AirAsia និងក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងត្រូវបានស្នើសុំឱ្យជួយពិនិត្យមើលភ្ញៀវទេសចរនៅពេលចាកចេញពីប្រទេសចិនដូចគ្នា។ សម្រាប់អ្នកដែលមានបញ្ហាគ្រុនក្ដៅ បន្ទាប់ពីទៅលេងទីក្រុង Wuhan ប្រទេសចិន ថៃក៏បង្គាប់ឱ្យពួកគេប្រញាប់ទាក់ទងមកលេខ 1422 ផងដែរ៕

អត្ថបទ៖ លីដា