អន្តរជាតិ

ក្មេងតូចម្នាក់ព្យាយាមលោតខ្សែអន្ទាក់រាប់ពាន់ដងក្នុងមួយថ្ងៃ ដើម្បីលូតកម្ពស់ឲ្យខ្ពស់ តែចុងក្រោយបែរជាទាបជាងគេក្នុងថ្នាក់ទៅវិញ

BY
autoadmin
January 21, 2020

ចិន៖ ក្មេងប្រុសម្នាក់ដែលត្រូវបានម្តាយឪពុកបង្កើតទម្លាប់ឲ្យគេត្រូវលោតខ្សែអន្ទាក់រាប់ពាន់ដងក្នុងមួយថ្ងៃដើម្បីឲ្យគេលូតកម្ពស់នោះ ស្រាប់តែទីបំផុតទៅរូបគេបានក្លាយជាមនុស្សទាបបំផុតក្នុងចំំណោមមិត្តរួមថ្នាក់របស់គេ។ បើតាមសារព័ត៌មានបរទេសបានចុះផ្សាយថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ខណៈក្មេងតូចរូបនេះទើបមានអាយុ ១២ ឆ្នាំ​ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា​ ដោយចង់ឲ្យកូនប្រុសមានកម្ពស់ខ្ពស់ស្អាតនោះឪពុកម្តាយរបស់ក្មេងតូចបានប្រាប់ឲ្យគេព្យាយាមលោតខ្សែអន្ទាក់ ១ពាន់ដងក្នុងមួយថ្ងៃ ហើយក្រោយមកក៏ឡើងដល់ ៣ពាន់ដងក្នុងមួយថ្ងៃ ហើយឪពុកម្តាយថែមទាំងឲ្យលុយលើកទឹកចិត្តកូនចំនួន ១,៥ ដុល្លារបន្ថែមទៀតផងរាល់ការលោតបាន ១ពាន់ដង។

ទម្លាប់នេះបានកើតមានរយៈពេលមួយឆ្នាំហើយ ហើយលុយលើកទឹកចិត្តដែលក្មេងតូចទទួលបានគឺមានចំនួនជិត ៦០០ ដុល្លារឯ​ណោះ។ យ៉ាងណាក្តី លទ្ធផលក្មេងតូចទទួលបាននៅពេលនេះគឺរូបគេមានកម្ពស់ ១៤៥ សង់ទីម៉ែត្រ ខណៈមិត្តរួមថ្នាក់របស់គេដែលមានអាយុដំណាលគ្នាគឺមានកម្ពស់ជាមធ្យម ១៥២ សង់ទីម៉ែត្រ។ លទ្ធផលខកចិត្តនេះបានបង្ហាញថា កម្ពស់របស់មនុស្សមិនអាចប្រែប្រួលខុសពីធម្មជាតិតាមរយៈការធ្វើសកម្មភាពកីឡាឡើយ ពោលគឺកម្ពស់របស់មនុស្សម្នាក់ៗត្រូវបានកម្ពស់រួចជាស្រេចដោយផ្អែកលើហ្សែននិងលក្ខខ័ណ្ឌសុខភាពដែលមានស្រាប់នៅក្នុងរាងកាយរបស់ពួកគេ៕

អត្ថបទ៖ ភក្តី

Share This Post: