ដើមឆ្នាំ២០២០ មិនទាន់១ខែស្រួលបួលផង ពិភពលោកទាំងមូលបានជួបប្រទះនូវគ្រោះមហន្តរាយធំៗចំនួន ៧
ក្រុមអ្នកជំនាញផ្នែកបរិស្ថានបានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំងជុំវិញបញ្ហាប្រែប្រួលអាកាសធាតុភពផែនដី ដែលជំរុញឲ្យកើតមានគ្រោះធម្មជាតិកាន់តែអាក្រក់ឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ តួយ៉ាងគ្រាន់តែបើកទំព័រឆ្នាំ ២០២០ មិនទាន់បានមួយខែស្រួលបួលផង ពិភពលោកបានជួបប្រទះនូវគ្រោះមហន្តរាយធំៗចំនួន ៧ មានដូចជា៖
១. ភ្នំភ្លើង Taal នៅក្នុងប្រទេសហ្វីលីពីនបានផ្ទុះឡើងបង្កឲ្យមានផះ និងផ្សែងយ៉ាងក្រាស់ហោះចូលទៅក្នុងបរិយាកាស ហើយមួយចំនួនក៏បានធ្លាក់មកដីវិញ បង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់ការហោះហើរ និងការរស់នៅរបស់ប្រជាពលរដ្ឋហ្វីលីពីនរាប់ពាន់នាក់។

២. ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្ត្រាលីបង្កឲ្យមានមនុស្សជាច្រើននាក់បានស្លាប់ សត្វប្រមាណជា ៥០០ ពាន់លានក្បាលត្រូវស្លាប់ ព្រៃឈើក្នុងប្រទេសអូស្ត្រាលីស្ទើរតែទាំងអស់ត្រូវបានបំផ្លាញ និងបង្កឲ្យមានផ្សែងកខ្វក់យ៉ាងខ្លាំងនៅក្នុងបរិយាកាសផងដែរ។

៣. ផ្ទាំងទឹកកកធំៗនៅក្នុងប្រទេសនូវែលសេឡង់ប្រែទៅជាពណ៌ត្នោត និងត្រូវរលាយប្រមាណជា ៣០% ដែលបញ្ហានេះបង្កឡើងដោយឥទ្ធិពលភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី។
៤. ផ្ទាំងទឹកកកនៅតំបន់ភ្នំហិម៉ាឡៃផ្ដើមរលាយ ហើយស្មៅជាច្រើនក៏បានដុះលូតលាស់ឡើង ដែលកត្តានេះត្រូវបានក្រុមអ្នកជំនាញអះអាងថា ជាសញ្ញានៃការកើតមានគ្រោះទឹកជំនន់។
៥. ទីក្រុងឌូបៃប្រទេសអារ៉ាប់រួមកើតមានទឹកជំនន់បង្កឡើងដោយបញ្ហាភ្លៀងធ្លាក់យ៉ាងច្រើនជាបន្តបន្ទាប់ ហើយគ្រោះធម្មជាតិមួយនេះបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរទាំងតាមផ្លូវគោក និងផ្លូវអាកាសទៅកាន់ប្រទេសមួយនេះយ៉ាងខ្លាំង។
៦. ទឹកជំនន់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្សអស់ចំនួន ៦៦ នាក់ ខូចខាតផ្ទះរាប់ពាន់ខ្នង ហើយមនុស្សជាច្រើនពាន់ត្រូវ ជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់។
៧. រដ្ឋ Texas, Alabama និង Louisiana ភាគខាងត្បូងអាមេរិកបានទទួលរងនូវព្យុះចំនួន ៧បន្តបន្ទាប់គ្នា បណ្តាលឲ្យមានការខូចខាតផ្ទះសម្បែងជាច្រើនខ្នង និងផ្លូវធ្វើដំណើរជាច្រើនកន្លែង។
ក្រុមជំនាញបានផ្តល់អនុសាសាន៍ថា ដើម្បីទប់ស្កាត់គ្រោះធម្មជាតិនានា ប្រជាពលរដ្ឋទាំងអស់នៅជុំវិញពិភពលោកត្រូវរួមគ្នាធ្វើរឿងដូចខាងក្រោមនេះ៖
១. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
២. នាំគ្នាដាំដើមឈើបន្ថែមឲ្យបានច្រើន និងរក្សាព្រៃដែលមានស្រាប់ឲ្យបានល្អ
៣. កាត់បន្ថយការបំភាយផ្សែងចូលទៅក្នុងបរិយាកាស ដូចជាកាត់បន្ថយការប្រើប្រាស់យានយន្ត និងជំនួសមកវិញដោយការជិះកង់ ឬដើរតែម្តង
៤. ប្រើប្រាស់ថាមពលឲ្យបានត្រឹមត្រូវបំផុត កុំខ្ជះខ្ជាយខ្លាំងពេក៕
អត្ថបទ៖ ភក្តី





