របាយការណ៍ថ្មីបញ្ជាក់ថា ជំងឺរលាកសួតដែលកំពុងរាតត្បាតនៅចិន គឺពិតជាអាចឆ្លងពីមនុស្សទៅមនុស្ស
កាលពីព្រឹកមិញនេះប្រទេសកូរ៉េខាងត្បូងក៏បានប្រកាសពីករណីដំបូង នៃជំងឺរលាកសួតដែលកំពុងផ្ទុះឡើងយ៉ាងចម្លែកផងដែរ។ ដោយស្ត្រីដែលឆ្លងជំងឺរលាកសួតចេញពីក្រុមវីរុស coronavirus គឺជាជនជាតិចិន ហើយគាត់ត្រូវគេចាប់បានដោយសារចូលមកប្រទេសកូរ៉េខាងត្បូងក្នុងស្ថានភាពគ្រុនក្ដៅខ្លាំង។ បើយោងតាមការចុះផ្សាយរបស់ Bangkok Post មុននេះបន្តិចបានបញ្ជាក់ថា មេរោគរាតត្បាតនេះពិតជាអាចឆ្លងពីមនុស្សទៅមនុស្សមែន! ពោលគឺវាស្របទៅនឹងរបាយការណ៍ថ្មីៗដែលបានបង្ហាញថា ចំនួនករណីនៃអ្នកជំងឺនេះឡើងដល់ប្រហែល ២០០ ដូច្នេះវាពិតណាស់ដែលជំងឺនេះឆ្លងបាន។

ខណៈថ្ងៃបុណ្យចូលឆ្នាំចិនគឺនៅជិតបង្កើយ ប្រជាជនចិននឹងត្រូវចេញដំណើរចុះឡើង មិនថាក្នុង ឬក្រៅប្រទេស ដើម្បីកម្សាន្ត ឬជួបជុំគ្រួសារ។ ដូច្នេះសូមលោកអ្នកបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត។ សូមកុំស្និទ្ធស្នាលជាមួយអ្នកដែលសង្ស័យថាមានជំងឺ ឧស្សាហ៍លាងសម្អាតដៃ ត្រូវប្រកាន់ខ្ជាប់ក្នុងការអនុវត្តអនាម័យ មិនថាជាម្ហូបអាហារ និងត្រូវចម្អិនឱ្យឆ្អិនល្អ។ សម្រាប់នៅកម្ពុជាយើងនៅមិនទាន់មានករណីនេះនៅឡើយ ប៉ុន្តែដោយសារប្រទេសយើងមានជនជាតិចិនចេញចូលច្រើន ដូច្នេះសូមបង្កើនការប្រុងប្រយ័ត្ន និងអនាម័យជានិច្ច។ ការពារប្រសើរជាងព្យាបាល៕


អត្ថបទ៖ លីដា