រដ្ឋអូស្ត្រាលីខាងត្បូងកំពុងជួបគ្រោះរាំងស្ងួត ដែលនាំឱ្យមានការសម្លាប់សត្វអូដ្ឋព្រៃចំនួន ៥,០០០ក្បាល ដើម្បីរក្សាទឹក
សត្វអូដ្ឋព្រៃ (feral camels) ជាង ៥,០០០ក្បាល ត្រូវបានសម្លាប់ ដែលជាផ្នែកមួយការសម្លាប់ដ៏ធំនៅអូស្រ្តាលីខាងត្បូង។ ក្រុមមន្ត្រីជនជាតិដើមបានប្រកាសកាលពីដើមខែនេះថា នេះជា «ប្រតិបត្តិការដ៏ធំមួយ» ដើម្បីគ្រប់គ្រងហ្វូងសត្វអូដ្ឋដ៏សាហាវ នៅលើដី Anangu Pitjantjatjara Yankunytjatjara (APY)។ ពួកគេបាននិយាយថា ការសម្លាប់សត្វជាលក្ខណៈទ្រង់ទ្រាយធំនេះ គឺដោយសារតែចំនួនសត្វអូដ្ឋព្រៃ និងសេះព្រៃចេះតែកើនឡើង ហើយនៅក្នុងតំបន់គឺកំពុងជួបគ្រោះរាំងស្ងួត។ ដូចយើងធ្លាប់ដឹងហើយថា អូដ្ឋជាសត្វដែលអាចធន់នឹងអាកាសធាតុក្ដៅហួតហែងបាន ហើយខ្លួនវាអាចផ្ទុកទឹកបានរាប់រយលីត្រឯណោះ។ ដូច្នេះហើយពួកអ្នកស្រុកគិតថា បើពួកវាកាន់តែមានចំនួនច្រើនឡើង ចំនួនទឹកដែលពួកវាផឹកស្តុកទុកក្នុងខ្លួនកាន់តែច្រើន ហើយធ្វើឱ្យប្រជាជននៅតំបន់នោះកាន់តែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ចាំបាច់។
![]()
លោក Richard King អគ្គនាយក APY បានមានប្រសាសន៍ថា ប្រតិបត្តិការនេះត្រូវបានអនុវត្តតាមលក្ខណៈមនុស្សធម៌បំផុត។ លោកបានបន្ថែមទៀតថា ការសម្លាប់ពួកវាគឺចាំបាច់ណាស់ ពីព្រោះសត្វទាំងនេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើសហគមន៍ដាច់ស្រយាលនៃជនជាតិដើមភាគតិចនៅតំបន់ APY ។ គាត់បាននិយាយថា នៅក្នុងតំបន់កាន់តែមានភាពរាំងស្ងួត សត្វព្រៃក៏ជាបញ្ហាប្រឈមដល់សហគមន៍ ទឹកកាន់តែចុះថយ បញ្ហាសុខភាពនិងបរិស្ថាន ការបំផ្លិចបំផ្លាញក្នុងប្រទេស ខ្វះខាតស្បៀង និងគ្រោះថ្នាក់ផ្សេងៗទៀត។
លោក King បានទទួលស្គាល់ពីការព្រួយបារម្ភរបស់សកម្មជនសិទ្ធិសត្វ ប៉ុន្តែបានចង្អុលបង្ហាញពីភាពពិតនៃសត្វព្រៃ និងការបង្កបញ្ហារបស់ពួកវា មកលើអ្នករស់នៅក្នុងសហគមន៍ដាច់ស្រយាលដូចពួកគាត់។ លោកបានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកថែរក្សាដីធ្លី យើងចាំបាច់ត្រូវដោះស្រាយជាមួយសត្វចង្រៃ ការពារការផ្គត់ផ្គង់ទឹកដ៏មានតម្លៃសម្រាប់សហគមន៍ ហើយដាក់ជីវិតរបស់មនុស្សគ្រប់គ្នា រាប់បញ្ចូលទាំងកុមារតូចៗ មនុស្សចាស់ និងដំណាំជនជាតិដើមជាអាទិភាព»។ យោងតាមរដ្ឋាភិបាលអូស្រ្តាលី មានសត្វអូដ្ឋដ៏សាហាវប្រមាណ ១លានក្បាល ដែលកំពុងរស់នៅក្នុងប្រទេសនេះ៕






អត្ថបទ៖ លីដា