មេដឹកនាំគណបក្សស៊ីវិលថៃម្នាក់និយាយថា ផ្ទះបនគួរតែមានអាជ្ញាប័ណ្ណស្របច្បាប់ ដើម្បីកាត់បន្ថយការរំលោភសេពសន្ថវៈ
អន្តរជាតិ January 21, 2020 lyda

សមាជិកសភាថៃម្នាក់កំពុងស្នើសុំឱ្យផ្ទះបន និងហាងលក់សម្ភារៈសិច (sex toys) មានអាជ្ញាប័ណ្ណស្របច្បាប់ត្រឹមត្រូវ ដើម្បីជាមធ្យោបាយដោះស្រាយបញ្ហានៃការរំលោភបំពានផ្លូវភេទនៅក្នុងប្រទេសថៃ។ លោក Mongkolkit Suksintharanont មេដឹកនាំគណបក្សស៊ីវិលថៃ និងជាសមាជិកគណៈកម្មាធិការសភា បានសិក្សាពីវិធីកាត់បន្ថយការរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទដទៃទៀត ហើយគាត់បាននិយាយថា ប្រទេសថៃគួរតែមានច្បាប់អនុញ្ញាតឱ្យមានផ្ទះបន និងហាងលក់សម្ភារៈសិចស្របច្បាប់ដូចជាប្រទេសស្វីស ព្រោះវាជាវិធីដែលអាចកា់បន្ថយករណីរំលោភបាន។ លោកបានបន្ថែមដែរថា វាអាចជួយកាត់បន្ថយអំពើពុករលួយក្នុងចំណោមមន្រ្តីផងដែរ ដោយសារកន្លងមកពួកគេបានស៊ីសំណូកបើកដៃឱ្យមានការជួញដូរផ្លូវភេទខុសច្បាប់។

ដោយពន្យល់តក្កវិជ្ជារបស់គាត់ លោក Mongkolkit Suksintharanont បានអត្ថាធិប្បាយថា តាមធម្មជាតិមនុស្សគឺមានកិលេស ហើយច្បាប់និងបទដ្ឋានវប្បធម៌ ដែលកំណត់សកម្មភាពផ្លូវភេទគ្រាន់តែជារូបភាពខាងក្រៅ ដែលធ្វើឱ្យមនុស្សខុសពីសត្វដទៃទៀតប៉ុណ្ណោះ។ គាត់និយាយថា ការរំលោភសេពសន្ថវៈភាគច្រើនត្រូវបានប្រព្រឹត្តដោយបុរស ដើម្បីដោះរំសាយតានតឹងខាងផ្លូវភេទ។ គាត់បន្ថែមទៀតថា បទល្មើសច្រើនត្រូវបានប្រព្រឹត្តនៅក្នុងគ្រួសារ នៅកន្លែងធ្វើការ ក្នុងចំណោមមិត្តរួមការងារ និងសូម្បីតែនៅក្នុងសាលារៀនក្នុងចំណោមមិត្តរួមថ្នាក់។ ដូច្នេះគាត់គិតថាគំនិតនេះអាចកាត់បន្ថយបញ្ហាបាន។ ចុះលោកអ្នកវិញគិតយ៉ាងណាដែរ?

អត្ថបទ៖ លីដា