រដ្ឋាភិបាលថៃកំពុងពិចារណាហាមឃាត់ការប្រើប្រាស់រថយន្តផ្ទាល់ខ្លួននៅក្នុងតំបន់ ដែលរងផលប៉ះពាល់ពីខ្យល់ពុល
រដ្ឋាភិបាលថៃកំពុងពិចារណាថា តើត្រូវដាក់បំរាមលើការប្រើប្រាស់រថយន្តផ្ទាល់ខ្លួននៅក្នុងតំបន់ដែលរងផលប៉ះពាល់ពីខ្យល់ពុល ដើម្បីទប់ទល់នឹងកម្រិតកំហាប់និចល PM2.5 ឬយ៉ាងណា? ប្រសិនបើវាស្ថិតក្នុងកម្រិតលើសពី ១០០មីក្រូក្រាម/ម៉ែត្រគូប (µg/m³)។ សំណើរដ៏តឹងរឹងនេះត្រូវបានបង្ហាញកាលពីថ្ងៃអង្គារ ដោយនាយករដ្ឋមន្រ្តី Prayut Chan-o-cha ដែលលោកបាននិយាយថា មានតែសេវាកម្មដឹកជញ្ជូនសាធារណៈប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់លើផ្លូវក្នុងពេលហាមឃាត់។ វិធានការតឹងរឹងបែបនេះនឹងអាចត្រូវអនុវត្តទៅបាន ប្រសិនបើនៅក្នុងទីក្រុងកាន់តែមានបញ្ហាកម្រិត PM2.5 កើនឡើង ហើយខណៈមានការរិះគន់ផងដែរថា រដ្ឋាភិបានរបស់លោកធ្វើការមិនបានគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយខ្យល់ពុលទាំងនេះ។

លោកនាយករដ្ឋមន្រ្តីក៏បានពន្យល់ផងដែរថា នៅពេលដែលកម្រិត PM2.5 បានហក់ឡើងដល់ប្រហែល ៥០ មីក្រូក្រាម/ម៉ែត្រគូប ភ្នាក់ងារដែលពាក់ព័ន្ធទាំងអស់ចាប់ផ្តើមបង្កើនការត្រួតពិនិត្យប្រភពធូលី រួមទាំងយានដែលបញ្ចេញផ្សែងខ្មៅផងដែរ។ នៅក្នុងតំបន់ដែលកម្រិត PM2.5 កើនឡើងដល់ ចន្លោះពី ៥០ ទៅ ៧៥មីក្រូក្រាម/ម៉ែត្រគូប អភិបាលក្រុងទទួលខុសត្រូវក្នុងការកំណត់ទិសដៅប្រភពសំខាន់ៗនៃការបំពុល។ ឧត្តមសេនីយ៍ និងជានាយករដ្ឋមន្ត្រីបាននិយាយថា ការបំភាយពីយានយន្ត គឺជាប្រភពចម្បងនៃ PM2.5 បន្ទាប់មកគឺការដុតជីវម៉ាស និងការបំភាយឧស្ម័នឧស្សាហកម្ម។ លោកបានមានប្រសាសន៍ថា នៅក្នុងតំបន់ដែលកម្រិត PM2.5 កើនឡើងដល់ចន្លោះពី ៧៥ ទៅ ១០០ មីក្រូក្រាម/ម៉ែត្រគូប អភិបាលខេត្តនឹងត្រូវអនុវត្តវិធានការតឹងរឹងបន្ថែមទៀត ដូចជាហាមរថយន្តធុនធ្ងន់មិនឱ្យចូលតំបន់ខាងក្នុងនៃខេត្តនៅពេលជាក់លាក់ណាមួយ។
លោក Prayut Chan-o-cha មានប្រសាសន៍ថា រដ្ឋាភិបាលបានចាប់ផ្តើមរៀបចំផែនការរយៈពេលវែងដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន ដែលរួមមានការអភិវឌ្ឍបណ្តាញផ្លូវដែកអគ្គិសនី និងជំនួសឡានក្រុងសាធារណៈដើរដោយថាមពលម៉ាស៊ូតដោយប្រើអគ្គិសនីវិញ។ ជាមួយគ្នានេះដែររដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថានលោក Varawut Silpa-archa បានលើកឡើងថា ប្រសិនបើមានវិធានការណ៍ប្រឆាំងនឹងឡានដឹកទំនិញដែលបញ្ចេញផ្សែងខ្មៅនោះ វាមិនគ្រប់គ្រាន់នោះទេ រថយន្តផ្ទាល់ខ្លួនអាចនឹងត្រូវជាគោលដៅបន្ទាប់។ លោកមានប្រសាសន៍ថា៖ «គេបានរកឃើញថា ៧២% នៃភាគល្អិតនៃធូលី PM2.5 កើតចេញពីការបំភាយយានយន្ត»។ ក្នុងចំណោមវិធានការរយៈពេលខ្លីដែលត្រូវអនុវត្តបន្ទាប់នៅទីក្រុងបាងកក គឺការហាមឃាត់រថយន្តដឹកទំនិញធុនធ្ងន់មិនឱ្យចូលផ្នែកខ្លះនៃទីក្រុង ហើយវាអាចនឹងអនុវត្តតែក្នុងខែកុម្ភៈប៉ុណ្ណោះ៕



អត្ថបទ៖ លីដា