BREAKING NEWS! គណៈកម្មការសុខាភិបាលចិនបាននិយាយថា មេរោគថ្មីដែលកំពុងរាតត្បាតក្នុងប្រទេសបានសម្លាប់មនុស្សអស់ ៩នាក់ ខណៈករណីកើនឡើងដល់ ៤៤០នាក់
គណៈកម្មការសុខាភិបាលចិននិយាយថា មេរោគថ្មី coronavirus បានសម្លាប់មនុស្ស ៩នាក់ ហើយមានជនរងគ្រោះ ៤៤០នាក់ហើយ ដែលបានឆ្លងមេរោគនេះ។ មានការភ័យខ្លាចនៃវីរុសនឹងកាន់តែរីករាលដាល នៅពេលដែលប្រទេសចិនចូលដល់ថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ខ្លួន ដែលជារដូវធ្វើដំណើរមមាញឹកបំផុត។ មន្ត្រីចិនម្នាក់និយាយថា ពួកគេនឹងសហការជាមួយអង្គការសុខភាពពិភពលោក និងប្រទេសដទៃទៀតលើបញ្ហានេះ។ ការផ្ទុះឡើងបានចាប់ផ្តើមនៅក្នុងទីក្រុងវូហាន កាលពីខែមុន ហើយឥឡូវនេះបានរាលដាលដល់ខេត្តចំនួន ១៣ នៅក្នុងប្រទេសចិន។ មន្ត្រីរូបនេះនិយាយថា គណៈកម្មការសុខាភិបាលបានបញ្ជាឱ្យក្រុងវូហាន ចាត់វិធានការតឹងរឹងបំផុតតាមដែលអាចធ្វើទៅបាន និងកំណត់ការប្រមូលផ្តុំសាធារណៈ។

រំលឹកដែរថា Novel Coronavirus ក៏ត្រូវបានគេរកឃើញនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ថៃ និងតៃវ៉ាន់ផងដែរ ហើយព្រឹកមិញនេះសហរដ្ឋអាមេរិកក៏បានរាយការណ៍ពីករណីដំបូងរបស់ខ្លួន។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់អាមេរិកបាននិយាយថា ពលរដ្ឋអាមេរិកម្នាក់ដែលរស់នៅក្នុងរដ្ឋវ៉ាស៊ីនតោន ដែលទើបវិលត្រឡប់មកពីរូហាន ត្រូវបានគេធ្វើរោគវិនិច្ឆ័យភ្លាមៗ បន្ទាប់ពីបង្ហាញរោគសញ្ញានៃជំងឺរលាកសួត។ ពេលនេះជនរងគ្រោះក៏កំពុងត្រូវបានព្យាបាលដោយឡែក ហើយស្ថានភាពរបស់គាត់ក៏បានប្រសើរហើយដែរ។ ចំណែកប្រទេសជាច្រើនទៀតបាននិងកំពុងបង្កើនការត្រួតពិនិត្យផងដែរ ព្រោះថាថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនក៏កៀកមកជិត។
មនុស្សរាប់លាននាក់ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរនៅក្នុងប្រទេសចិន និងនៅបរទេសក្នុងអំឡុងពេលនេះ ដូច្នេះពួកគេត្រូវពង្រឹងការប្រុងប្រយ័ត្ន។ យ៉ាងណាមិញពេលនេះអង្គការសុខភាពពិភពលោកនិយាយថា ពួកគេត្រូវការព័ត៌មានបន្ថែមដើម្បីយល់ពីការរីករាលដាលនៃមេរោគនេះ ហើយទីភ្នាក់ងារ UN នឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅទីក្រុងហ្សឺណែវនៅថ្ងៃពុធនេះ៕



អត្ថបទ៖ លីដា