ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រសួងសុខាភិបាលថៃប្រកាសថា ពួកគេរកឃើញជនជាតិថៃដំបូងបង្អស់ ដែលឆ្លងជំងឺរលាកសួតថ្មី ដែលរាតត្បាតនៅចិន

    BY autoadmin January 22, 2020
    ក្រសួងសុខាភិបាលថៃប្រកាសថា ពួកគេរកឃើញជនជាតិថៃដំបូងបង្អស់ ដែលឆ្លងជំងឺរលាកសួតថ្មី ដែលរាតត្បាតនៅចិន

    ក្រសួងសុខាភិបាលថៃមុននេះបន្តិចបានបញ្ជាក់ថា ស្ត្រីជនជាតិថៃម្នាក់អាយុ ៧៣ឆ្នាំ បានឆ្លងជំងឺរលាកសួតពីក្រុមវីរុស Novel Coronavirus ដែលកំពុងរាតត្បាតយ៉ាងសាហាវចេញពីចិន។ គាត់គឺជាជនជាតិថៃដំបូងបំផុតដែលត្រូវបញ្ជាក់ថាបានឆ្លង ហើយពេលនេះគាត់កំពុងសម្រាកនៅដោយឡែកក្នុងមន្ទីរពេទ្យក្នុងខេត្ត Nakhon Pathom ។ ប្រភព Bangkok Post និយាយថា ស្ត្រីរូបនេះធ្លាក់ខ្លួនឈឺបន្ទាប់ពីត្រឡប់មកពីទីក្រុង Wuhan ប្រទេសចិនកាលពីចុងឆ្នាំមុន ហើយទើបតែបានបញ្ជាក់ថាឆ្លងនៅថ្ងៃនេះ ដែលនាំឱ្យករណីជំងឺរលាកសួត (បានបញ្ជាក់) នៅក្នុងប្រទេសថៃកើនដល់ ៤ ហើយ ៣នាក់ គឺជាអ្នកដំណើរចិន។

    នាយកដ្ឋានប្រយុទ្ធនឹងជំងឺបានប្រកាសនៅថ្ងៃពុធនេះថា អ្នកទេសចរជនជាតិចិនទី២ ដែលត្រូវបានរកឃើញថា បានឆ្លងមេរោគនោះបានជាសះស្បើយទាំងស្រុង ហើយបានត្រឡប់ទៅផ្ទះវិញហើយ។ លោកវេជ្ជបណ្ឌិត Sophon Iamsirithavorn នាយកបាននិយាយថា ស្ត្រីជនជាតិចិនអាយុ ៧៤ឆ្នាំរូបនេះបានមកដល់ប្រទេសថៃពីទីក្រុង Wuhan កាលពីថ្ងៃទី១៣ ខែមករា ហើយគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកពីគេ នៅពេលមកដល់ប្រទេសថៃ ដោយសារគាត់មានអាការគ្រុនក្តៅ និងការធ្វើតេស្តបញ្ជាក់ថា នាងផ្ទុកវីរុស 2019-nCoV ។ គាត់ត្រូវបានគេព្យាបាលនៅវិទ្យាស្ថានជំងឺឆ្លង Bamrasnaradura ក្នុងខេត្ត Nonthaburi ។

    វេជ្ជបណ្ឌិត Sophon បាននិយាយថា ចាប់តាំងពីពេលនោះមកគាត់ត្រូវបានគេប្រកាសថារួចផុតពីការឆ្លង ហើយបានវិលត្រឡប់ទៅប្រទេសចិនវិញនៅថ្ងៃអង្គារនេះ។ យ៉ាងណាក៏ដោយវានៅតែមានការភ័យខ្លាចជាសាធារណៈចំពោះជំងឺថ្មីនេះ ដែលជាការឆ្លងមេរោគផ្លូវដង្ហើមថ្មី ស្រដៀងនឹងជំងឺ SARS ប៉ុន្តែនាយកដ្ឋាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ជាស្រេចក្នុងការទប់ទល់ការភ័យខ្លាចនេះ៕

    អត្ថបទ៖ លីដា

    Share This Post: