ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគ Novel Coronavirus ពេលនេះកើនដល់ ១៧នាក់ហើយ

    BY autoadmin January 23, 2020
    ចំនួនអ្នកស្លាប់ដោយសារជំងឺរលាកសួតបង្កដោយមេរោគ Novel Coronavirus ពេលនេះកើនដល់ ១៧នាក់ហើយ

    អាជ្ញាធរសុខាភិបាលចិននិយាយថា មានមនុស្ស ៨នាក់ទៀតហើយ ដែលបានស្លាប់នៅខេត្តហ៊ូប៉ីដោយសារជំងឺរលាកសួត ដែលត្រូវបានគេជឿថា បណ្តាលមកពីវីរុសប្រភេទថ្មី Novel Coronavirus ។ ពួកគេនិយាយថា ការស្លាប់ត្រូវបានបញ្ជាក់នៅថ្ងៃពុធដែលនាំឱ្យចំនួនសរុបនៃអ្នកស្លាប់កើនដល់ ១៧នាក់។ ក្រុមមន្រ្តីបានបន្ថែមទៀតថា ការឆ្លងត្រូវបានគេរកឃើញនៅក្នុង ២៥ ខេត្ត/ក្រុង របស់ប្រទេសចិន ដែលមានសរុប ៥៧១ករណី នៅក្នុងប្រទេសទាំងមូល។ ចំណែកទីក្រុងវូហានដែលជាក្រុងដំបូងនៃការផ្ទុះនេះក៏បានផ្អាកការធ្វើដំណើរតាមយន្តហោះ និងតាមរថភ្លើងផងដែរ ចាប់ពីម៉ោង ១០ព្រឹក ថ្ងៃថ្ងៃព្រហស្បតិ៍នេះ ដើម្បីកុំឱ្យមានការឆ្លងរាលដាល។ ប្រជាជនត្រូវបានគេសំណូមពរកុំចេញពីក្រុង លុះត្រាតែមានការចាំបាច់។

    អាជ្ញាធរក្នុងតំបន់ក៏បានលុបចោលឡានក្រុង រថភ្លើងក្រោមដី និងនាវាដឹកអ្នកដំណើរ ដែលឆ្លងកាត់ទន្លេយ៉ាងស្សេនៅទីក្រុងវូហាន។ ពួកគេបានស្នើសុំឱ្យប្រជាជនពាក់ម៉ាស់មុខនៅពេលប្រើមធ្យោបាយដឹកជញ្ជូនសាធារណៈ និងនៅក្នុងហាង ឧទ្យាន និងកន្លែងផ្សេងទៀត ដែលមនុស្សប្រមូលផ្តុំគ្នាច្រើនដោយចាប់ផ្តើមពីថ្ងៃពុធ។ គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបានអំពាវនាវឱ្យប្រជាជនកុំទៅលេងទីក្រុងវូហាន ហើយកំពុងជំរុញឱ្យប្រជាជនទីក្រុងវូហានផ្ទាល់មិនត្រូវចេញទៅតំបន់ផ្សេងទៀតនោះទេ។ ការព្រួយបារម្ភកំពុងតែកើនឡើងដែលថា វីរុសនេះអាចរីករាលដាលបន្ថែមទៀតនៅពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ដែលចាប់ផ្ដើមពីថ្ងៃស្អែកនេះ៕

    អត្ថបទ៖ លីដា

    Share This Post: