សាលារៀននៅចិនយកសាច់ជ្រូកធ្វើជារង្វាន់លើកទឹកចិត្ត ចំពោះសិស្សពូកែ បើមិនចង់បានសាច់ជ្រូក អាចដូរយកត្រីក៏បាន
ចិន៖ ខណៈដែលសាលាទូទៅយកសម្ភារៈប្រើប្រាស់ ឬសម្ភារៈសិក្សាផ្សេងៗ ដើម្បីធ្វើជារង្វាន់លើកទឹកចិត្តសិស្សពូកែនោះ សាលារៀនមួយនៅក្នុងប្រទេសចិនបានសម្រេចយកសាច់ជ្រូកធ្វើជារង្វាន់សម្រាប់សិស្សពូកែវិញ។ សាលារៀនមួយនេះមានទីតាំងស្ថិតនៅក្នុងក្រុង Anhui ខេត្ត Fuyang ភាគខាងលិចប្រទេសចិន។ បើតាមលោកនាយកសាលារៀនខាងលើនេះបានប្រាប់ឲ្យដឹងថា ការសម្រេចយកសាច់ជ្រូកធ្វើជារង្វាន់នេះ ក៏ព្រោះតែសាលាចង់ឲ្យឪពុកម្តាយ និងសមាជិកក្នុងគ្រួសាររបស់សិស្សពូកែបានដឹងថា កូនគាត់ឬបងប្អូនគាត់បានទទួលរង្វាន់ពីសាលា ហើយពួកគាត់ថែមទាំងបានរីករាយជាមួយរង្វាន់នោះរួមគ្នាទៀតផង ព្រោះវាប្រាកដណាស់ថាក្រុមសិស្សពូកែនឹងយកសាច់ជ្រូករង្វាន់នោះទៅធ្វើជាម្ហូបនៅឯផ្ទះរបស់ពួកគេរៀងៗខ្លួន។

ចំពោះទម្ងន់សាច់ជ្រូកវិញសិស្សម្នាក់ៗអាចទទួលបានចំនួន ២,៥ កីឡូក្រាម ហើយបើពួកគេមិនចង់យកសាច់ជ្រូកទេពួកគេអាចប្តូរយកត្រីចំនួន ២ក្បាលក៏បានដែរ។ បើតាមការចុះផ្សាយក្នុងសារព័ត៌មាន Shanghai បានឲ្យដឹងថា សាលាខាងរៀនខាងលើបានបង្កើតកម្មវិធីផ្ដល់រង្វាន់មួយនេះ ២ ឆ្នាំមកហើយ និងបានប្រើប្រាស់សាច់ជ្រូកអស់ចំនួន ៥ ៥០០ គីឡូក្រាមផងដែរ៕
អត្ថបទ៖ ភក្តី



