អ្នកជំនាញនិយាយថា ស៊ុបប្រចៀវអាចជាមូលហេតុដែលនាំឱ្យមានជំងឺសួតកំពុងផ្ទុះឡើងនេះ
ការរកឃើញថ្មីបានប៉ាន់ស្មានថា វីរុសថ្មី coronavirus នេះអាចមានប្រភពចេញពីសត្វពស់ ដែលជាសត្វព្រៃមួយក្នុងចំណោមសត្វព្រៃ ដែលត្រូវបានគេលក់ខុសច្បាប់នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយនៅក្រុងវូហាន (ទីផ្សារដែលមានការផ្ទុះជំងឺរលាកសួតនេះដំបូង) ។ នេះដោយសារតែអ្នកស្រាវជ្រាវបានរកឃើញថា កូដប្រូតេអ៊ីននៅក្នុងវីរុសគឺស្រដៀងនឹងពស់ដែរ។ យោងតាមសារព័ត៌មាន CNA បានឱ្យដឹងថា សត្វពស់តែងតែចាប់សត្វប្រចៀវនៅក្នុងព្រៃ ដែលអាចជាមូលហេតុដែលពស់ត្រូវបានឆ្លងវីរុសនេះពីប្រចៀវបន្ត។

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា វីរុស coronavirus ពីទីក្រុង Wuhan ប្រទេសចិន ត្រូវបានគេតាមដាន និងត្រូវបានគេនិយាយថា មានប្រភពចេញពីទីផ្សារលក់សត្វព្រៃខុសច្បាប់។ អគ្គនាយកមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់ប្រទេសលោក Gao Fu ក៏បាននិយាយដែរថា វីរុសថ្មីគឺស្ទើរតែ ៧០% ប្រហាក់ប្រហែលនឹងវីរុសជំងឺសារ (SARS) ដែលកើតចេញមកពីសត្វប្រចៀវ។ ដូច្នេះអ្នកវិទ្យាសាស្ត្របានប៉ាន់ស្មានថា សត្វប្រចៀវក៏អាចជាប្រភពនៃមេរោគឆ្លងថ្មីផងដែរ ពោលគឺវាអាចចម្លងពីសត្វទៅមនុស្ស។
ក្រុមអ្នកជំនាញបានលើកឡើងថា ពួកគេចាប់បានថាសត្វប្រចៀវអាចជាដើមហេតុនៃមេរោគ បន្ទាប់ពីរូបថតរបស់អ្នកស្រុកវូហានបរិភោគស៊ុបប្រចៀវយ៉ាងគួរឱ្យខ្ពើមបានបែកធ្លាយឡើង។ ប៉ុន្តែយ៉ាងណាពួកគេក៏មិនច្បាស់ដែរថា មេរោគក្នុងសត្វប្រចៀវឆ្លងមកមនុស្សយ៉ាងម៉េច ប៉ុន្តែពួកគេយល់ថាវាមានទាក់ទងផ្សេងទៀតដែលពួកគេនៅមិនទាន់ច្បាស់នៅឡើយ។ រំលឹកដែរថា សត្វប្រចៀវក៏ជាប្រភពនៃជំងឺសារ (SARS) ដែលបានផ្ទុះឡើងកាលពីអំឡុងឆ្នាំ២០០៣ ហើយរដ្ឋាភិបាលចិនក៏បានអំពាវនាវឱ្យឈប់បរិភោគសត្វប្រចៀវ និងសត្វព្រៃដទៃផងដែរ ប៉ុន្តែវាហាក់ដូចជាគ្មានប្រសិទ្ធភាពនោះទេ។
ប្រភពខ្លះក៏បាននិយាយដែរថា អ្នកមានខ្លះទិញប្រចៀវមកហូបរហូតដល់ទៅ ២,០០០ក្បាល ឯណោះ ដូច្នេះប្រភពនៃបញ្ហាកាន់តែកើនឡើង។ គួរឱ្យដឹងដែរថា គិតមកទល់ពេលនេះប្រទេសចិនបានបញ្ជាក់ថា មានអ្នកកើតជំងឺចំនួន ៥៧១នាក់ និងមានអ្នកស្លាប់ចំនួន ១៧នាក់ហើយ។ ដូច្នេះយើងសង្ឃឹមថា អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញនឹងរកវិធីដើម្បីបញ្ឈប់វីរុសនេះពីការរីករាលដាលបន្ថែមទៀត។ ហើយសូមអ្នកទាំងអស់គ្នាប្រុងប្រយ័ត្ន និងរក្សាអនាម័យទាំងអស់គ្នា៕




អត្ថបទ៖ លីដា