WHO មិនទាន់ប្រកាសថាជំងឺរលាកសួតដែលកំពុងផ្ទុះឡើង ជាអាសន្នពិភពលោកនោះទេ
អង្គការសុខភាពពិភពលោកបានហៅមេរោគឆ្លងថ្មី ដែលបានសម្លាប់មនុស្ស ១៨នាក់ (២៥នាក់គិនមកទល់ពេលនេះ) នៅក្នុងប្រទេសចិន និងបានឆ្លងរោគនៅទូទាំងពិភពលោកចំនួន ៦៥០នាក់ ជា «ភាពអាសន្ននៅក្នុងប្រទេសចិន» កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបាននិយាយថាជាការព្រួយបារម្ភអន្តរជាតិនោះទេ។ ទូរទស្សន៍រដ្ឋចិនបាននិយាយថា រហូតមកដល់ពេលនេះមានករណីចំនួន ៦៣៤ ត្រូវបានបញ្ជាក់ ខណៈ NHK និយាយថា ចំនួនអ្នកស្លាប់កើនដល់ ២៥នាក់ហើយ។ វីរុសបានផ្ទុះឡើងនៅក្រុង Wuhan នៃខេត្ត Hubei ហើយក៏បានឆ្លងចេញទៅក្រៅប្រទេសតាមរយៈអ្នកទេសចរចិន និងអ្នកដែលបានមកលេងទីក្រុង Wuhan ។

មន្ត្រីសុខាភិបាលបារម្ភថា អត្រាឆ្លងអាចនឹងបង្កើនល្បឿននៅពេលប្រជាជនចិនរាប់រយលាននាក់ធ្វើដំណើរទាំងក្នុងស្រុក និងក្រៅស្រុក អំឡុងពេលវិស្សមកាលរយៈពេលមួយសប្តាហ៍ សម្រាប់បុណ្យចូលឆ្នាំថ្មីដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍។ ប៉ុន្តែយ៉ាងណាប្រធានគណៈកម្មាធិការគ្រាអាសន្នរបស់អង្គការសុខភាពពិភពលោក Didier Houssin បាននិយាយថា៖ «វាលឿនពេកហើយ» ក្នុងការពិចារណាពីការផ្ទុះឡើងនេះថាជា «ភាពអាសន្នសុខភាពសាធារណៈជាអន្តរជាតិ» ហើយថាវាគ្រាន់តែជា «អាសន្នក្នុងប្រទេសចិន» ប៉ុណ្ណោះ។ ស្របពេលនេះដែរអ្នកនៅទីក្រុង Wuhan ក៏ត្រូវបានគេហាមឃាត់មិនឱ្យចេញក្រៅដែរ ដោយសារខ្លាចថាមានការរាលដាលកាន់តែខ្លាំង។ គួរឱ្យដឹងដែរថា ជំងឺនេះមិនចេញរោគសញ្ញាភ្លាមៗនោះទេ ប៉ុន្តែយ៉ាងយូរ ១២ថ្ងៃ វានឹងចេញរោគសញ្ញាពេញលេញ ដូចជាមានទាំងការក្អកស្ញួត ក្ដៅខ្លួន ពិបាកដកដង្ហើម ល ៕




អត្ថបទ៖ លីដា