អង្គការសុខភាពពិភពលោកសារភាពថា ពីមុនបញ្ជាក់ថាវីរុសកូរ៉ូណាស្ថិតក្នុងកម្រិតធម្មតា គឺជាខុសបច្ចេកទេសទេ សុំកែមកជាកម្រិតខ្ពស់វិញ
អង្គការសុខភាពពិភពលោកកាលពីពេលមុន និងអំឡុងចូលឆ្នាំចិនបានប្រកាសថា ជំងឺរលាកសួតបណ្ដាលមកពីក្រុមវីរុសកូរ៉ូណា (2019-nCoV) មែនមែនជាបញ្ហាសកលនោះទេ វាស្ថិតក្នុងកម្រិតធម្មតា ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះពួកគេបានសារភាពពីកំហុសរបស់ខ្លួន ដោយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមករា ម្សិលមិញនេះ វាពិតជាស្ថិតក្នុងកម្រិតខ្ពស់មែន ហើយការលើកឡើងចាស់ដោយសារមានកំហុសបច្ចេកទេស «Error» ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ បាននិយាយបញ្ជាក់នៅក្នុងរបាយការណ៍ថា ហានិភ័យគឺ «ខ្ពស់ខ្លាំងនៅក្នុងប្រទេសចិន ខ្ពស់នៅក្នុងតំបន់ និងខ្ពស់នៅទូទាំងពិភពលោក»។

ប៉ុន្តែយ៉ាងណាការកែតម្រូវនៃការវាយតម្លៃហានិភ័យសកលមិនមែនមានន័យថា ប្រកាសអាសន្នផ្នែកសុខភាពអន្តរជាតិទេ។ កាលពីថ្ងៃព្រហស្បតិ៍អង្គការសុខភាពពិភពលោក បានបញ្ឈប់មិនឱ្យប្រកាសវីរុសកូរ៉ូណាថា «ជាអាសន្នសុខភាពនៃការព្រួយបារម្ភអន្តរជាតិ» នោះទេ ព្រោះថាពាក្យនេះត្រូវបានប្រើសម្រាប់តែការផ្ទុះដ៏អាក្រក់បំផុត ដែលនឹងបង្កឱ្យមានសកម្មភាពទូទាំងពិភពលោកប៉ុណ្ណោះ។ គួរឱ្យដឹងដែរថា វីរុសនេះត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ហើយបានចម្លងមនុស្សជាង ៤,០០០នាក់ នៅទូទាំងពិភពលោក ក្នុងនោះមានករណីមួយចំនួន ដែលត្រូវបានរកឃើញនៅក្នុងប្រទេសជាង ១២។ មានមនុស្សជាង ១០០នាក់ បានស្លាប់ ដែលពួកគេទាំងអស់សុទ្ធតែនៅប្រទេសចិន៕




អត្ថបទ៖ លីដា