ប្រទេសថៃមានការកើនឡើងវីរុសកូរ៉ណា ៦ ករណីបន្ថែមទៀត នាំឱ្យចំនួនសរុបកើនដល់ ១៤ករណី
ប្រទេសថៃនៅថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីករណីឆ្លងវីរុសកូរ៉ូណាចំនួន ៦ បន្ថែមទៀត ក្នុងចំណោមភ្ញៀវទេសចរមកពីប្រទេសចិន ដែលធ្វើឱ្យចំនួនសរុបនៃប្រទេសនេះកើនឡើងដល់ ១៤ករណី នេះបើយោងតាមក្រសួងសុខាភិបាលថៃបានប្រកាសមុននេះបន្តិច។ អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺលោក Tanarak Plipat ប្រាប់អ្នកយកព័ត៌មានថា អ្នកជំងឺទាំង ៦នាក់ មាន ៥នាក់ ជាគ្រួសារតែមួយ ដែលមានអាយុពី ៦ ទៅ ៧០ឆ្នាំ មកពីខេត្ដហ៊ូប៉ី ហើយអ្នកជំងឺម្នាក់ទៀតមកពី Chongqing ។

រដ្ឋលេខាធិការអចិន្រ្តៃយ៍សុខភាពសាធារណៈលោក Sukhum Kanchanapimai បាននិយាយថា មន្ទីរនឹងធ្វើការស្កេនអ្នកដំណើរទាំងអស់ពីប្រទេសចិន។ ប៉ុន្តែយ៉ាងណាក៏ដោយប្រទេសថៃបានព្យាបាលអ្នកជំងឺបានជាសះស្បើយ ៥ករណី ក្នុងចំណោម ១៤ករណី ហើយពួកគេក៏បានវិលត្រឡប់ទៅផ្ទះវិញហើយ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានកោះប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ ជាមួយក្រសួងដឹកជញ្ជូន និងទេសចរណ៍ ចំពេលមានការកើនឡើងនៃការមិនសប្បាយចិត្តជាសាធារណៈ ជុំវិញការដោះស្រាយរបស់រដ្ឋាភិបាល។
រដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បានប្រាប់អ្នកយកព័ត៌មានថា យើងអាចគ្រប់គ្រងស្ថានការណ៍បាន ហើយមានទំនុកចិត្តលើសមត្ថភាពរបស់យើងក្នុងការដោះស្រាយវិបត្តិនេះ។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបានថ្លែងថា ដោយផ្អែកចំនួននៅក្នុងអំឡុងពេលនៃការផ្ទុះជំងឺ SARS ក្នុងឆ្នាំ២០០៣ ការកាត់បន្ថយការធ្វើដំណើរពីប្រទេសចិនរយៈពេល ៣ខែនៅពេលនេះ នឹងអាចធ្វើឱ្យចំណូលទេសចរណ៍បាត់បង់ចំនួន ៥០ពាន់លានបាត (១.៥២ពាន់លានដុល្លារ) ៕



អត្ថបទ៖ លីដា