គិលានុបដ្ឋាយិកាស្រីម្នាក់សុខចិត្តកោរសក់ ដើម្បីការពារការចម្លងវីរុសកូរ៉ូណា តែដាច់ខាតគាត់មិនរត់ចោលអ្នកជំងឺឡើយ
ចិន៖ បន្ទាប់ពីមានគិលានុបដ្ឋាយិកាភេទស្រីកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យចិនមួយក្រុមបាននាំគ្នាកាត់សក់ខ្លី ដើម្បីផ្តល់ភាពងាយស្រួលក្នុងការមើលថែអ្នកជំងឺ និងដើម្បីការពារខ្លួនមិនឲ្យមានមេរោគ Coronavirus អាចមកតោងជាប់សក់របស់ពួកគាត់នោះ ស្រាប់តែមានគិលានុបដ្ឋាយិកាភេទស្រីម្នាក់ផ្សេងទៀតសម្រេច កោរសក់របស់ខ្លួនចោលតែម្តង។ គិលានុបដ្ឋាយិកាភេទស្រីរូបនេះត្រូវបានគេដឹងថា មានអាយុ ៣០ឆ្នាំ មានកូនពីរនាក់ និងកំពុងបម្រើការងារនៅក្នុងមន្ទីរពេទ្យ Renmin Hospital of Wuhan University ក្រុងវូហាន ប្រទេចិន។

ការសម្រេចកោរសក់នេះគឺជាការលះបង់ដ៏ធំមួយក្នុងបុព្វហេតុជួយសង្គ្រោះជនរងគ្រោះ ព្រោះថាជាធម្មតាមនុស្សស្រ្តីស្រលាញ់សក់ខ្លួនណាស់ សូម្បីតែកាត់ខ្លីក៏មិនចង់ផង កុំថាឡើយដល់កោរចោលទាំងអស់ទៀត។ យ៉ាងណាក្តី គិលានុបដ្ឋាយិកាភេទស្រីរូបនេះមិនបានស្ទាក់ស្ទើរឡើយក្នុងការលះបង់សក់ដែលជាភាពស្រស់ស្អាតដ៏ពិសេសរបស់មនុស្សស្រីឡើយ ដើម្បីបំពេញតួនាទីរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ស្របពេលដែលគាត់ត្រូវការពារខ្លួនពីការចម្លងមេរោគផ្សេងៗផងដែរ៕
អត្ថបទ៖ ភក្តី
