ហ្វីលីពីនឈប់ផ្តល់ទិដ្ឋាការដល់ជនជាតិចិនទៀតហើយ ដើម្បីការពារប្រទេសខ្លួនកុំឱ្យមានការឆ្លងជំងឺផ្លូវដង្ហើមថ្មី
ការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីនបានបញ្ឈប់ការចេញទិដ្ឋាការដល់ជនជាតិចិន ចាប់ពីថ្ងៃនេះថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០នេះ ក្នុងគោលបំណងដើម្បីកាពារប្រទេស និងពលរដ្ឋរបស់ខ្លួនពីការឆ្លងវីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្ស ១០៦នាក់ និងឆ្លងរាលដាលច្រើនជាង ៤,៥០០នាក់ ចាប់តាំងពីការផ្ទុះឡើងក្នុងប្រទេសចិនកាលពីខែធ្នូចុងឆ្នាំ២០១៩។ ជាក់ស្ដែងខណៈពេលដែលប្រទេសមួយចំនួននៅលើពិពលោក ដូចជា ប្រទេសជប៉ុន នេប៉ាល់ សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សហរដ្ឋអាមេរិក កម្ពុជា និងវៀតណាម បានឆ្លងវីរុសនេះ គិតមកទល់ពេលនេះប្រទេសហ្វីលីពីនមានអ្នកគួរឱ្យសង្ស័យ ១១នាក់ ប៉ុន្តែមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានករណីជំងឺបានបញ្ជាក់នៅឡើយទេ។

ប៉ុន្តែទោះជាយ៉ាងណាក្ដីគ្មានបទបញ្ជាណាមួយ ដែលរារាំងជនជាតិចិនទាំងអស់មិនឲ្យចូលក្នុងប្រទេសហ្វីលីពីនឡើយ ប៉ុន្តែលោក Jaime Morente ប្រធានការិយាល័យជនអន្តោប្រវេសន៍ហ្វីលីពីនបានកំពុងព្យាយាមចាត់វិធានការយ៉ាងសកម្ម ដើម្បីកាត់បន្ថយការធ្វើដំណើរ ដែលអាចជួយការពារការចូលនៃវីរុសកូរ៉ូណា (2019-nCov)។ គួរបញ្ជាក់ផងដែរថា ការផ្ដល់ទិដ្ឋាការនៃការមកដល់ជូនជនជាតិចិនរបស់ហ្វីលីពីនតាំងពីឆ្នាំ២០១៧ ក្នុងគោលបំណងជំរុញទេសចរណ៍។ ហើយអ្នកដែលមានសិទ្ធិទទួលបានទិដ្ឋាការរាប់បញ្ចូលទាំងវិនិយោគិន និងពាណិជ្ជករ អ្នកជំនួញ អត្តពលិក ប្រតិភូទៅចូលរួមសន្និបាតអន្តរជាតិ និងក្រុមទេសចរណ។ ដោយទេសចរចិនមានចំនួន ២២% នៃភ្ញៀវទេសចរ ៧.៥លាននាក់ ដែលទៅកាន់ប្រទេសហ្វីលីពីន ក្នុងចន្លោះពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសចិនក្លាយជាប្រទេសប្រភពដើមទី២ នៃអ្នកទេសចរអន្តរជាតិមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕



អត្ថបទ៖ លីនី