ធ្លាប់តែទិញម៉ាស់រាល់ដងថោក ដល់ឥលូវម៉ាស់ឡើងថ្លៃគេលែងលក់ឲ្យ ឈ្លោះគ្នាបែកផ្សែង (មានវីដេអូ)
ចិន៖ អតិថិជនកំសត់ម្នាក់ទៅទិញម៉ាស់មិនបានហើយ ថែមទាំងត្រូវអ្នកលក់វាយចំកណ្តាលមុខមួយដៃទៀតផង ព្រោះតែគាត់បានតវ៉ារឿងតម្លៃម៉ាស់ ដែលឡើងថ្លៃជ្រុលហួសហេតុពេក។ សារព័ត៌មាន Shanghai បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសចិន ដែលជាកន្លែងផ្ដើមកើតមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុសកូរ៉ូណា។ ប្រភពខាងលើបានបន្តថា មានបុរសជាអតិថិជនម្នាក់បានទៅទិញម៉ាស់ដោយគាត់មិនបានសួរពីតម្លៃឡើយ ពោលគឺគាត់បានហុចលុយទៅកាន់អ្នកលក់ក្នុងតម្លៃធម្មតាដូចដែរគាត់ធ្លាប់បានទិញ។

យ៉ាងណាក្តី ភ្លាមនោះអ្នកលក់ម៉ាស់ភេទស្រីម្នាក់បានហុចលុយមកកាន់បុរសជាអតិថិជនវិញ និងបាននិយាយថា លុយនេះមិនគ្រប់ទេព្រោះតម្លៃម៉ាស់ត្រូវឡើងថ្លៃជាងមុនហើយ ពោលគឺឡើងពីតម្លៃ ២០ យន់ (២,៩ ដុល្លារអាម៉េរិក) ទៅ ៤៨ យន់ (៧ ដុល្លារអាម៉េរិក)។ ស្ថិតក្នុងស្ថានភាពនេះការឈ្លោះប្រកែកគ្នារវាងអ្នកលក់ និងអតិថិជនក៏បានផ្ទុះឡើងភ្លាមៗផងដែរ ព្រោះអតិថិជននៅតែទទូចទិញម៉ាស់ក្នុងតម្លៃធម្មតា។ បន្តិចក្រោយមកស្រាប់តែមានបុគ្គលិកអ្នកលក់ម៉ាស់ភេទប្រុសម្នាក់ទៀតបានមកវាយបុរសជាអតិថិជនមួយដៃចំកណ្តាលមុខ និងបានដេញគាត់ដេញពីកន្លែងលក់ម៉ាស់ទៀតផង។ ជុំវិញបញ្ហានេះដែរអាជ្ញាធរចិនកំពុងតែចាត់វិធានតាមផ្លូវច្បាប់មួយ ដើម្បីចាត់ការចំពោះកន្លែងលក់ម៉ាស់ដែលគ្មានសីលធម៌ខាងលើនេះ៕
អត្ថបទ៖ ភក្តី
