ក្រោយផ្ទុះរឿងម៉ាស់ឡើងថ្លៃ ឥលូវនៅហុងកុងផ្អើលករណីយកម៉ាស់ចាស់ៗគេបោះចោលទៅកែច្នៃ ឬសម្អាត ដើម្បីដាក់លក់ឡើងវិញ
ហុងកុង៖ ក្រោយមានរឿងចម្រូងចម្រាសជុំវិញបញ្ហាម៉ាស់ឡើងថ្លៃហួសហេតុ ពេលនេះនៅក្នុងក្រុងហុងកុងកំពុងតែមានរឿងរសើបថ្មីមួយលេចឡើងបន្ថែមទៀត គឺបញ្ហាហាងឬឱសថស្ថានមួយចំនួនបានយកម៉ាស់ចាស់ៗដែលគេបោះចោលទៅកែច្នៃ ឬសម្អាតដើម្បីលក់ជាថ្មីម្តងទៀត។ សូមបញ្ជាក់ថា តាមក្បួនវេជ្ជសាស្ត្រម៉ាស់ធម្មតា (Surgical Mask) មួយប្រើប្រាស់បានតែម្តងប៉ុណ្ណោះគឺប្រើរួចបោះចោលតែម្តង ហើយបើក្នុងករណីការពារការចម្លងវីរុសកូរ៉ូណាវិញ ម៉ាស់ធម្មតានេះត្រូវប្តូរឲ្យបានញឹកញាប់ ឬយ៉ាងយូរបំផុតក្នុងរយៈពេលមួយថ្ងៃត្រូវប្តូរថ្មីម្តង។

រឿងរសើបថ្មីខាងលើនេះបានផ្ទុះឡើងក្រោយប្រជាពលរដ្ឋហុងកុងជាច្រើនបាននាំគ្នាបង្ហោះសារក្នុងបណ្តាញសង្គមថា ម៉ាស់ដែលពួកគេទើបនឹងទិញយកមកប្រើប្រាស់ហាក់គ្មានគុណភាពទាល់សោះ ហើយអ្នកខ្លះថែមទាំងបានបញ្ចេញមតិថា ម៉ាស់ទាំងនោះដូចជាម៉ាស់ចាស់ដែលធ្លាប់ប្រើប្រាស់រួចទៀតផង។ ឆ្លើយតបនឹងបញ្ហានេះ អាជ្ញាធរក្រុងហុងកុងរួមជាមួយមន្ត្រីគយបានចុះទៅពិនិត្យភ្លាមៗចំពោះហាងលក់ម៉ាស់ និងឱសថស្ថានជាង ២០០ កន្លែង តែពុំទាន់រកឃើញករណីដូចដែលប្រជាពលរដ្ឋបានលើកឡើងនោះទេ។ អាជ្ញាធរក្រុងហុងកុងបានបញ្ជាក់ថា រាល់ហាង ឬឱសថស្ថានណាដែលហ៊ានលក់ម៉ាស់ចាស់ៗគ្មានគុណភាពនឹងត្រូវពិន័យជាប្រាក់ចំនួន ៥០០ ០០០ ដុល្លារហុងកុង (៦៤ ០០០ ដុល្លារអាម៉េរិក) ប្រសិនបើអាជ្ញាធរបានរកឃើញករណីនេះ៕

អត្ថបទ៖ភក្តី