មនុស្សពេញវ័យអាមេរិកចំណាយពេលជាមួយសៀវភៅ ច្រើនជាងចំណាយពេលទៅរោងភាពយន្ត
យោងតាមការស្ទង់មតិរបស់ Gallup បានឱ្យដឹងថា មនុស្សពេញវ័យនៅសហរដ្ឋអាមេរិកបានចំណាយពេលជាមធ្យម ១០.៥ ដង ទៅបណ្ណាល័យក្នុងឆ្នាំ២០១៩ ដែលច្រើនជាងសកម្មភាពកម្សាន្តដទៃទៀតរួមទាំងការទៅមើលកុន។ អ្នកចូលរួមត្រូវបានសួរអំពីចំនួនដងក្នុងមួយឆ្នាំ ដែលពួកគេបានធ្វើសកម្មភាពមួយចំនួនដូចជា៖ មើលកុន ព្រឹត្តិការណ៍កីឡា ការប្រគុំតន្ត្រី ឬព្រឹត្តិការណ៍ល្ខោន ឧទ្យានប្រវត្តិសាស្ត្រ សារមន្ទីរ កាស៊ីណូ ឧទ្យាន ឬសួនសត្វជាដើម។ ក្នុងនោះការទៅទស្សនាភាពយន្ត (Movie-going) បានជាប់ចំណាត់ថ្នាក់ទី២ ដោយគិតជាមធ្យម ៥.៣ ដង ក្នុងឆ្នាំចុងក្រោយនេះ។
ការស្ទង់មតិនេះគឺជាការអាប់ឌែតដល់ការស្ទង់មតិឆ្នាំ២០០១ ខណៈពេលដែលចំណាត់ថ្នាក់ទាំងមូលនៃសកម្មភាពទាំង ៨ នៅតែដដែល ពីរវាងការស្ទង់មតិឆ្នាំ២០០១ និង ២០១៩ ប៉ុន្តែចំនួនទៅមើលភាពយន្តបានថយចុះគួរឱ្យកត់សម្គាល់។ ការទៅទស្សនាភាពយន្តបានធ្លាក់ចុះជាមធ្យម ១.៣ ដង ក្នុងឆ្នាំ២០១៩។ ប៉ុន្តែយ៉ាងណាក៏ដោយនេះក៏ប្រហែលជាកំណើននៃសេវាកម្មកម្សាន្ត streaming networks ជាច្រើនបានលូតលាស់ ដែលធ្វើឱ្យពួកគេមិនបាច់ចំណាយទៅមើលកុនដូចមុន។
បុរស និងស្ត្រី បានធ្វើសកម្មភាពភាគច្រើនក្នុងអត្រាប្រហាក់ប្រហែលគ្នា។ ទោះយ៉ាងណាស្ត្រីត្រូវបានគេរាយការណ៍ថា បានទៅបណ្ណាល័យច្រើនជាងបុរសពីរដង។ បុរសទំនងជាទៅលេងកាស៊ីណូ ចូលរួមព្រឹត្តិការណ៍កីឡា និងទស្សនាឧទ្យានជាតិ ឬប្រវត្តិសាស្ត្រច្រើនជាងស្ត្រី។ មនុស្សដែលមានអាយុចន្លោះពី ១៨ ដល់ ២៩ឆ្នាំ បានទៅបណ្ណាល័យច្រើនជាងក្រុមដទៃទៀត។ Gallup និយាយថា នេះប្រហែលមកពីប្រជាជននៅមហាវិទ្យាល័យឧស្សាហ៍ទៅបណ្ណាល័យដើម្បីសិក្សា។ ទន្ទឹមនឹងនេះប្រជាជនដែលមានអាយុពី ១៨ ដល់ ២៩ឆ្នាំ ក៏ទៅលេងកាស៊ីណូច្រើនជាងគេដែរ៕

អត្ថបទ៖ លីដា