ថៃគ្រោងបិទការនាំចូលកាកសំណល់ប្លាស្ទិក និងកាកសំណល់អេឡិចត្រូនិចនៅឆ្នាំក្រោយនេះ
ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងធ្វើការហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទិក និងកាកសំណល់អេឡិចត្រូនិចទាំងស្រុងតែម្តងនៅឆ្នាំក្រោយ នេះបើយោងតាមសេចក្តីចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post។ ប្រភពដដែលបានបានដកស្រង់ប្រសាសន៍របស់លោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធានធានជាតិថៃមកចុះផ្សាយដោយមានអត្ថន័យទាំងស្រុងថា៖ “ការសម្រេចបិទមិនឲ្យមានការនាំចូលកាកសំណល់បា្លស្ទិក និងកាកសំណល់អេឡិចត្រូនិចចូលក្នុងប្រទេសដូចនេះ ត្រូវបានធ្វើឡើងក្រោមហេតុផលព្រោះថៃចង់បង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងប្រភេទសំរាមនៅក្នុងប្រទេសខ្លួនឲ្យបានល្អ ត្បិតថៃក៏កំពុងតែញាំញីដោយការបំពុលបរិស្ថានខ្លាំងណាស់ដែរ”។

យ៉ាងណាក្តីដើម្បីអនុវត្តផែនការខាងលើនេះ គេត្រូវធ្វើវិសោធនកម្មលើច្បាប់មួយចំនួនជាមុនសិន ព្រោះកន្លងមកថៃបានអនុវត្តច្បាប់នៃការនាំចេញនាំចូលសំរាមក្នុងគោលបំណងកែច្នៃសំរាមសម្រាប់ប្រើប្រាស់ឡើងវិញជាមួយប្រទេសមួយចំនួនយ៉ាងខ្ជាប់ខ្ជួនជាច្រើនឆ្នាំមកហើយ។ ក្រុមអ្នកជំនាញបានលើកឡើងថា ចំណាត់ការខាងលើនេះជាយន្តការដ៏ល្អមួយសម្រាប់ការគ្រប់គ្រង់សំរាម ហើយគេជឿថាវានឹងក្លាយជាចំណែកដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិស្ថានក្នុងប្រទេសថៃផងដែរ៕

អត្ថបទ៖ ភក្តី