ប្រជាពលរដ្ឋអាស៊ីត្រូវគេចាប់ផ្តើមរើសអើងនៅតំបន់អឺរ៉ុប ដោយសារតែវីរុសកូរ៉ូណា
បារាំង៖ ខណៈដែលតួលេខអ្នកផ្ទុកវីរុសកូរ៉ូណានៅជុំវិញពិភពលោកកើតមានកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា និន្នាការនៃការរើសប្រជាពលរដ្ឋមានដើមកំណើតអាស៊ី ដែលកំពុងតែរស់នៅក្នុងតំបន់អឺរ៉ុបក៏កើតមានកាន់តែខ្លាំងផងដែរ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានបញ្ជាក់ថា និន្នាការនៃការររើសអើងប្រជាពលរដ្ឋមានដើមកំណើតអាស៊ីផ្ដើមកើតមាននៅក្នុងប្រទេសអង់គ្លេស ហើយឥលូវនេះបានបន្តទៅដល់ប្រទេសបារាំងហើយ។
ឥរិយាបថនៃការរើសអើងលេចឡើងក្នុងរូបភាពដូចជា ពលរដ្ឋអឺរ៉ុបមិនព្រមចាប់ដៃឬថើបថ្ពាល់ដើម្បីជាការស្វាគមន៍ប្រជាពលរដ្ឋមានដើមកំណើតអាស៊ី នៅក្នុងភោជនីយដ្ឋានឬទីសាធារណៈ បើមានពលរដ្ឋអាស៊ីអង្គុយនៅកន្លែងណាមួយគឺពលរដ្ឋអឺរ៉ុបមិនព្រមទៅអង្គុយក្បែរឡើយ បើនៅតាមសាលារៀនវិញសិស្សអាស៊ីមួយចំនួនត្រូវបានក្រុមសិស្សអឺរ៉ុបព្រួតគ្នាធ្វើបាបទៀតផង។
មូលហេតុចម្បងដែលជំរុញឲ្យមានការរើសអើងនេះក៏ព្រោះពលរដ្ឋអឺរ៉ុបខ្លាចឆ្លងវីរុសកូរ៉ូណាពីពលរដ្ឋអាស៊ី និងហេតុផលមួយទៀតគឺពួកគេហាក់មិនសប្បាយចិត្តជាមួយពលរដ្ឋអាស៊ីតែម្តង ថ្បិតវីរុសកូរ៉ូណាមានដើមកំណើតមកពីតំបន់អាស៊ីគឺក្រុងវូហានប្រទេសចិន។ ក្រុមពលរដ្ឋមានដើមកំណើតអាស៊ី ដែលរងនូវការរើសអើងនោះមានដូចជាប្រជាជនចិន វៀតណាម ថៃ និងកម្ពុជាផងដែរ ហើយក្នុងចំណោមពួកគេទាំងនោះមានអ្នកខ្លះថែមទាំងមានសញ្ជាតិបារាំង ឬអង់គ្លេសស្របច្បាប់ទៀតផង។
ក្រោយផ្ទុះឡើងនូវនិន្នាការរើសអើងនេះ ប្រជាពលរដ្ឋអាស៊ីចំនួនបានគ្នាសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា៖ «ខ្ញុំមិនមែនជាមេរោគនោះទេ»។ បើយោងតាមនាង Shana Cheng អាយុ ១៧ឆ្នាំ ជាអ្នករស់នៅក្រុងបារីស មានដើមកំណើតជាកម្ពុជាកាត់វៀតណាម ក៏បានប្រាប់ BBC ថា នាងបានប្រឈមមុខនឹងការរើសអើង ដោយការនិយាយបែបឌឺដងដាក់នៅលើឡានក្រុងក្នុងទីក្រុង កាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ។
ការចាប់ផ្ដើមនិន្នាការនេះមិនមែនបង្ហាញពីភាពប្រុងប្រយ័ត្នរបស់ពួកគេទេ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ពីការរើសអើងជាតិសាសន៍ទៅវិញ។ សូមបញ្ជាក់ថា នៅក្នុងប្រទេសបារាំងមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន ៥ករណី ខណៈនៅជុំវិញពិភពលោកមានច្រើនជាង ៨ ០០០ ករណី ហើយចំនួនអ្នកស្លាប់នៅក្នុងប្រទេសចិនបានកើនដល់ជិត ២០០ នាក់៕

Je suis Chinois
Mais je ne suis pas un virus!!
Je sais que tout le monde a peur au virus, mais pas de préjugé, svp.#JeNeSuisPasUnVirus pic.twitter.com/38bUTNWj3t— Lou Chengwang (@ChengwangL) January 28, 2020
Cette leçon de racisme décomplexé vous est offerte par le @CourrierPicard #coronavirus pic.twitter.com/jhcoNmsmm5
— Madjid Messaoudene (@MadjidFalastine) January 26, 2020
អត្ថបទ៖ភក្តី
