ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សេដ្ឋីជប៉ុន Yusaku Maezawa សុំលុបកម្មវិធីរើសសង្សារទៅឋានព្រះច័ន្ទ ព្រោះគាត់នៅមានអារម្មណ៍ច្របូកច្របល់

    BY autoadmin January 31, 2020
    សេដ្ឋីជប៉ុន Yusaku Maezawa សុំលុបកម្មវិធីរើសសង្សារទៅឋានព្រះច័ន្ទ ព្រោះគាត់នៅមានអារម្មណ៍ច្របូកច្របល់

    កាលពីពាក់កណ្ដាលខែមករាកន្លងទៅ មានមហាសេដ្ឋីនៅលីវជនជាតិជប៉ុនម្នាក់ឈ្មោះ Yusaku Maezawa អាយុ ៤៤​ឆ្នាំ គាត់បានប្រកាសជ្រើសរើសស្ត្រីក្នុងក្ដីសុបិន ដើម្បីយកធ្វើជាគូស្នេហ៍ និងរួមដំណើរកំសាន្តទៅកាន់ឋានព្រះច័ន្ទជាមួយគាត់។ គាត់មានគម្រោងធ្វើដំណើរកម្សាន្តទៅកាន់ឋានព្រះច័ន្ទនៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ហើយក្នុងនោះមានស្រីៗជាច្រើនមកដាក់ពាក្យសុំធ្វើជាសង្សារគាត់រហូតដល់ទៅជាង ២០,០០០នាក់ ឯណោះ។ ប៉ុន្តែយ៉ាងណាក៏ដោយវាជារឿងគួរឱ្យសោកស្ដាយសម្រាប់ស្រីៗ ដោយសារថ្មីៗនេះគាត់បានបង្ហោះនៅលើ Twitter របស់គាត់ថា គាត់នឹងសុំលុបចោលកម្មវិធីជ្រើសរើសសង្សារនេះវិញ ដោយសារហេតុផលផ្ទាល់ខ្លួនមួយចំនួន។

    នៅក្នុងការបង្ហោះរបស់គាត់នៅលើ Twitter គាត់បាននិយាយថា៖ «ទោះបីខ្ញុំប្តេជ្ញាចិត្ត និងស្មោះត្រង់ចំពោះកម្មវិធីនេះក៏ដោយ ក៏មានផ្នែកមួយនៃខ្ញុំ នៅតែមានអារម្មណ៍ច្របូកច្របល់អំពីការចូលរួមនេះ»។ គាត់បន្ថែមថា៖ «បើគិតដល់រឿងអ្នកដាក់ពាក្យទាំង ២៧,៧២២នាក់ ជាមួយនឹងចេតនា និងភាពក្លាហាន បានប្រើពេលវេលាដ៏មានតម្លៃរបស់ពួកគេដើម្បីចូលរួមកម្មវិធីនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍វិប្បដិសារីយ៉ាងខ្លាំង»។ មហាសេដ្ឋីរូបនេះក៏បានសុំអភ័យទោសដល់បុគ្គលិកនៅឯ AbemaTV ដែលត្រូវឈប់ទាំងពាក់កណ្ដាលទី ព្រោះថាដើមឡើយគាត់គ្រោងផលិតវាទៅជា TV show ផងដែរ៕

    អត្ថបទ៖ លីដា

    Share This Post: