ចំនួនអ្នកឆ្លងវីរុសកូរ៉ណាពេលនេះវ៉ាដាច់ចំនួនអ្នកឆ្លងជំងឺសារ SARS ពីជំនាន់ដើមឆ្នាំ២០០០ ទៅទៀត
ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅក្នុងប្រទេសចិនឥឡូវនេះ បានកើនឡើងដល់ជាង ៣៦០នាក់ និងមានអ្នកឆ្លងវីរុសទូទាំងសាកល ១៧,០០០នាក់ ហើយបច្ចុប្បន្ននេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ អំពីផលប៉ះពាល់មិនថាទៅលើមនុស្ស និងសេដ្ឋកិច្ចពិភពលោក។ នៅថ្ងៃច័ន្ទនេះវិនិយោគិននៅផ្សារភាគហ៊ុនចិននឹងត្រូវបើកដំណើរការឡើងវិញ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ហើយនេះគឺជាអ្វីដែលពួកគេត្រូវយកចិត្តទុកដាក់បំផុត។ អាជ្ញាធរសុខាភិបាលចិនបាននិយាយថា វីរុសនេះបានឆក់យកជីវិតមនុស្សចំនួន ៣៦១នាក់ ហើយវាលើសពីចំនួនអ្នកស្លាប់ដោយសារជំងឺសារ (SARS) នៅក្នុងប្រទេសចិនអំឡុងឆ្នាំ២០០៣ផងដែរ។

ក្រៅពីប្រទេសចិនចំនួនករណីបានកើនឡើងដល់ ១៧៨ករណី។ ដែលបានបញ្ជាក់នៅក្នុងប្រទេស និងតំបន់ចំនួន ២៦ ។ ប្រទេសហ្វីលីពីនបានរាយការណ៍ពីការស្លាប់ដំបូងបំផុតនៅក្រៅប្រទេសចិន។ ចំណែកសកម្មភាពអាជីវកម្មនៅប្រទេសចិនកំពុងត្រូវបានពន្យារពេល ដោយមានអាជីវកម្មជាច្រើនបានបិទទ្វារ។ ក្រុងនានានៅទូទាំងប្រទេសរួមទាំងសៀងហៃ និងក្វាងទុង បានស្នើសុំឱ្យក្រុមហ៊ុនជាច្រើនពន្យារថ្ងៃឈប់សម្រាករបស់ពួកគេរហូតដល់ថ្ងៃច័ន្ទ ឬថ្ងៃក្រោយៗទៀត។ សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនទៅកាន់ប្រទេសចិនដែរ៕


”
អត្ថបទ៖ លីដា