ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមពិន័យឱសថស្ថានជាង ១,២០០ កន្លែង ដែលលក់ម៉ាស់ថ្លៃកប់ពពក ហើយអាចឈានដល់ការបិទឱសថស្ថាននោះចោលប្រសិនបើមិនស្ដាប់

    BY autoadmin February 4, 2020
    វៀតណាមពិន័យឱសថស្ថានជាង ១,២០០ កន្លែង ដែលលក់ម៉ាស់ថ្លៃកប់ពពក ហើយអាចឈានដល់ការបិទឱសថស្ថាននោះចោលប្រសិនបើមិនស្ដាប់

    មិនថានៅទីណាទេយើងឃើញថា តម្លៃម៉ាស់បានឡើងថ្លៃខ្លាំងប៉ុន្មានរយៈចុងក្រោយនេះ ដោយសារតែប្រជាជនមានភាពភ័យខ្លាចចំពោះវីរុសកូរ៉ូណា ដែលកំពុងរាតត្បាតយ៉ាងឆាប់រហ័ស។ ស្របពេលបែបនេះដែរមានមនុស្សមួយចំនួនបានឆ្លៀតឱកាស ដោយពួកគេបានដំឡើងថ្លៃលក់ខ្ពស់យ៉ាងមិនគួរឱ្យជឿ។ ជាក់ស្ដែងដូចនៅក្នុងប្រទេសវៀតណាម ដោយយោងតាម VNEXpress International បានឱ្យដឹងនៅក្នុងវីដេអូរបស់ខ្លួនថា ម៉ាស់ធម្មតា (medical mask x50) មួយប្រអប់ពីមុនមានតម្លៃប្រហែល ២២,០០០ដុង (០.៩ដុល្លារ) ប៉ុន្តែពេលនេះវាបានឡើងថ្លៃមួយប្រអប់ជាង ២០០,០០០ដុង (៨.៧ដុល្លារ) ហើយនៅក្នុងឱសថស្ថានខ្លះ វាឡើងថ្លៃដល់ ៣០០,០០០ដុង (១៣ដុល្លារ)។ តាមសម្ដីម្ចាស់ឱសថស្ថានមួយបានឱ្យដឹងថា ចាប់តាំងពីត្រឡប់មកពីចូលឆ្នាំចិនវិញ មិនថាជាទឹកលាងដៃ និងម៉ាស់ គឺមានការបញ្ជាទិញយ៉ាងច្រើនមែនទែន ដែលធ្វើឱ្យតម្លៃរបស់វាថ្លៃគុណនឹង១០។

    ប៉ុន្តែយ៉ាងណាក៏ដោយអាជ្ញាធរវៀតណាម បានចេញមកបង្ក្រាបឱសថស្ថាន ដែលលក់ទឹកលាងដៃ និងម៉ាស់ ថ្លៃជ្រុលទាំងនោះបានចំនួន ១ ២២១កន្លែង។ ការចុះប្រតិបត្តិការនេះគឺគិតចាប់តាំងពីថ្ងៃទី៣១ ខែមករា ដល់ទី០២ ខែកុម្ភៈ ហើយប៉ូលីសក៏បានរឹបអូសម៉ាស់គ្មានប្រភពច្បាស់លាស់បានចំនួន ៣១៩ ០០០ម៉ាស់ផងដែរ។ យោងតាមសម្ដីមន្ត្រីប៉ូលីសរបស់វៀតណាមបានប្រាប់ឱ្យដឹងថា ការឃាត់ឱសថស្ថានដែលបានបំពានលើច្បាប់ទាក់ទងនឹងតម្លៃនេះ គឺដើម្បីឱ្យពួកគេបញ្ឈប់រាល់សកម្មភាពលក់កោរបែបនេះ បើមិនដូច្នេះទេប៉ូលីសនឹងធ្វើការស្នើទៅមន្ទីរសុខាភិបាល ដើម្បីដកហូតអាជ្ញាប័ណ្ណពីឱសថស្ថានទាំងនោះចោលតែម្ដង។ ជាក់ស្ដែងកាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ អាជ្ញាធរវៀតណាមក៏បានបិទឱសថស្ថានមួយផងដែរ ដែលមានទីតាំងនៅសង្កាត់ Thanh Xuan ក្នុងរដ្ឋធានី Hanoi ទាក់ទងនឹងការលក់ម៉ាស់ថ្លៃពេក ​ដោយលក់ក្នុងមួយប្រអប់់ ៥០០,០០០ដុង (២២ដុល្លារអាមេរិក)៕

    អត្ថបទ៖ លីដា

    Share This Post: