រដ្ឋាភិបាលថៃកំណត់តម្លៃម៉ាស់ និងទឹកលាងដៃមិនលក់លើសតម្លៃកំណត់ឡើយ បើហ៊ានលក់លើសថ្លៃអាចនឹងត្រូវជាប់គុកដល់ ៧ឆ្នាំ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានសម្រេចកំណត់តម្លៃម៉ាស់ និងតម្លៃទឹកលាងដៃឲ្យស្ថិតក្រោយតម្លៃកំណត់ដោយរដ្ឋាភិបាល ដើម្បីការពារកុំឲ្យជនខិលខូចឆ្លៀតឱកាសលក់សម្ភារៈទាំងពីរនេះថ្លៃហួសហេតុ ក្រោយផ្ទុះការរាតត្បាតនៃមេរោគកូរ៉ូណាកាន់តែខ្លាំងឡើងៗ។ បើតាមលោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ការសម្រេចដាក់ចេញនូវចំណាត់ការខាងលើនេះក៏ព្រោះគេសង្កេតឃើញថា តម្លៃរបស់ម៉ាស់និងទឹកលាដៃនៅតាមបណ្តាលឱសថស្ថាន និងតូបមួយចំនួនហាក់ឡើងថ្លៃបន្តិចក្រោយមានតម្រូវការទិញខ្ពស់ ខណៈបរិមាណនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារហាក់នៅមានភាពយឺតយ៉ាវមិនទាន់តាមការចង់បានរបស់អតិថិជន។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានបន្តថា បញ្ហាម៉ាស់និងទឹកលាងដៃឡើងថ្លៃនៅក្នុងប្រទេសថៃនៅមិនទាន់ក្លាយជាបញ្ហាធំនៅឡើយទេ តែយ៉ាងណាក្តីគេបានសម្រេចដាក់ចេញយន្តការដូចខាងលើនេះឲ្យហើយ មុនពេលពេលវាក្លាយជាបញ្ហាធំដូចនៅតាមបណ្តាប្រទេសមួយចំនួន។ យោងតាមច្បាប់នៅក្នុងប្រទេសថៃ ជនណាដែលហ៊ានលក់ទំនិញលើសតម្លៃកំណត់របស់រដ្ឋាភិបាលនឹងត្រូវពិន័យជាប្រាក់ចំនួន ១៤០ ០០០ បាត (៤ ៥២២ ដុល្លារអាម៉េរិក) ឬប្រឈមនឹងការជាប់គុករយៈពេលរហូតដល់ ៧ ឆ្នាំ៕


អត្ថបទ៖ភក្តី