វេជ្ជបណ្ឌិតចិនម្នាក់ធ្លាប់ព្រមានពីការរាតត្បាតវីរុសកូរ៉ូណាដែរ តែត្រូវអាជ្ញាធរចោទថាគាត់បំពុលសង្គម ហើយឥលូវនេះទើបដឹងច្បាស់ថា គាត់ជាវីរបុរស
ចិន៖ ការរាតត្បាតនៃវីរុសកូរ៉ូណានាពេលបច្ចុប្បន្នមានការចាប់អារម្មណ៍ខ្លាំងនៅតាមបណ្តាញសារព័ត៌មានសំខាន់ៗនៅជុំវិញពិភពលោក។ បើយោងតាមសារព័ត៌មាន BBC កាលពីព្រឹកមិញនេះបានចុះផ្សាយនូវអត្ថបទមួយនិយាយរៀបរាប់អំពីវេជ្ជបណ្ឌិតជនជាតិចិនម្នាក់ ដែលបានព្យាករណ៍កាលពីខែធ្នូ ឆ្នាំ ២០១៩ ថា មេរោគកូរ៉ូណានឹងរាតខ្លាំងនៅជុំវិញពិភពលោកដូចការរាតត្បាតនៃជំងឺសារកាលពីឆ្នាំ ២០០៣ ដែរ តែអាជ្ញាធរចិនបានចោទប្រកាន់ថា គាត់បានចែកចាយនូវពាក្យចចាមអារ៉ាមដែលបង្កឲ្យមានភាពចលាចលនៅក្នុងសង្គមទៅវិញ។

ប្រភពខាងលើបានបន្តថា វេជ្ជបណ្ឌិតរូបនេះមានឈ្មោះ Li Wenliang បម្រើការងារនៅក្នុងមន្ទីរពេទ្យប្រចាំក្រុងវូហាន ហើយគាត់រួមជាមួយនឹងវេជ្ជបណ្ឌិត ៨នាក់ផ្សេងទៀតគឺជាអ្នកដែលបានដឹង និងបានផ្ដើមព្យាបាលជនរងគ្រោះបង្កដោយមេរោគកូរ៉ូណាដំបូងគេផងដែរ។ បន្ទាប់ពីបានឆ្លងកាត់ការព្យាបាលជនរងគ្រោះដោយមេរោគកូរ៉ូណាជាច្រើននាក់មក និងបានមើលឃើញពីលទ្ធភាពនៃការសាយភាយមេរោគមួយនេះ លោកវេជ្ជបណ្ឌិត Li Wenliang បានបង្ហោះសារនៅក្នុងបណ្តាញសង្គមព្រមានឲ្យប្រជាពលរដ្ឋត្រៀមការពារខ្លួនពីការចម្លងមេរោគមួយនេះ ហើយគាត់ថែមទាំងបានអះអាងថា មេរោគកូរ៉ូណានឹងរាតត្បាតដូចជំងឺសារអីចឹងដែរ។
យ៉ាងណាក្តី ក្រោយបង្ហោះសារដូចខាងលើនេះរួច នៅដើមខែមករាឆ្នាំ ២០២០ អាជ្ញាធរចិនបានចេញលិខិតព្រមានផ្លូវការមួយចំពោះរូបគាត់ ហើយរូបគាត់ និងវេជ្ជបណ្ឌិត ៨នាក់ផ្សេងទៀត ថែមទាំងត្រូវបានអាជ្ញាធរធ្វើការស៊ើបអង្កេតទៀតផង ព្រោះគេខ្លាចពួកគាត់មានបំណង ចែកចាយព័ត៌មានមិនពិតបង្កឲ្យមានភាពចលាចលនៅក្នុងសង្គម។ រហូតមកទល់នឹងពេលនេះអាជ្ញាធរចិនបានសម្រេចធ្វើការសុំទោសលោកវេជ្ជបណ្ឌិត Li Wenliang ចំពោះចំណាត់ការនាពេលកន្លងមក និងថែមទាំងបានហៅគាត់ថាជាវីរបុរសទៀតផង។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលបច្ចុប្បន្ននេះអ្នកកើតមេរោគរលាកផ្លូវដង្ហើមថ្មីបង្កដោយមេរោគកូរ៉ូណាបានកើនដល់ ២០ ៤៣៨ ករណី និងបានសម្លាប់មនុស្សចំនួន ៤២៥ នាក់នៅក្នុងប្រទេសចិន៕



អត្ថបទ៖ ភក្តី
ប្រភព៖ BBC