អ្នកឆ្លងវីរុសកូរ៉ូណានៅហុងកុងម្នាក់បានស្លាប់ ដែលនាំឱ្យការស្លាប់ក្រៅទឹកដីចិនដីគោកកើនដល់ ២នាក់
នៅថ្ងៃនេះទីក្រុងហុងកុងបានរាយការណ៍ពីការស្លាប់លើកដំបូង នៃអ្នកផ្ទុកវីរុសកូរ៉ូណានៅក្នុងទឹកដីរបស់ខ្លួន បន្ទាប់ពីបុរសអាយុ ៣៩ឆ្នាំម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យនៅព្រឹកនេះ។ គ្រូពេទ្យបាននិយាយថា អ្នកជំងឺគាត់មានជំងឺប្រចាំកាយស្រាប់ ហើយបានទៅលេងទីក្រុង Wuhan កាលពីខែមករា។ មរណភាពរបស់គាត់គឺជាករណីស្លាប់ទី២ ក្រៅប្រទេសចិនដីគោក បន្ទាប់ពីបុរសអាយុ ៤៤ឆ្នាំម្នាក់ បានស្លាប់នៅក្នុងប្រទេសហ្វីលីពីន កាលពីសប្តាហ៍មុន។ ព័ត៌មាននេះបានជំរុញឱ្យមានការទាមទារថ្មីៗសម្រាប់ហុងកុង ដើម្បីបិទច្រកព្រំដែនជាមួយចិនដីគោក ដោយមានបុគ្គលិកពេទ្យរាប់រយនាក់បានធ្វើកូដកម្មរួចមកហើយ។

យ៉ាងណាក៏ដោយអ្នកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុងមិនព្រមស្របតាមសំណើនេះទេ ដោយនិយាយថា មិនសមរម្យ មិនសមហេតុផល និងរើសអើង។ កាលពីថ្ងៃច័ន្ទអាជ្ញាធរបានប្រកាសបិទច្រកព្រំដែនចំនួន ៤ បន្ថែមទៀត ជាមួយប្រទេសចិនដីគោក ដោយបើកតែអាកាសយានដ្ឋានអន្តរជាតិ ដែលជាតភ្ជាប់ពីទីក្រុងទៅម៉ាកាវ និងទីក្រុងជូហៃភាគខាងត្បូងប្រទេសចិន ក៏ដូចជាកំពង់ផែសិនជិន។ ការរាតត្បាតនៃវីរុសកូរ៉ូណាចុងក្រោយ បានធ្វើឱ្យទីក្រុងហុងកុងនឹកដល់ជំងឺសារ (SARS) កាលពីឆ្នាំ២០០៣ ដែលកាលនោះវាបានសម្លាប់អ្នកនៅចិនដីគោកជាង ៣០០នាក់៕



អត្ថបទ៖ លីដា