ចូលរួមរំលែកទុក្ខ! គ្រូពេទ្យម្នាក់ទៀតបានស្លាប់ ដោយសារខំធ្វើការ១០ថ្ងៃជាប់ៗគ្នាទប់ទល់នឹងវីរុសកូរ៉ូណាក្នុងទីក្រុងវូហាន
ចិន៖ គ្រូពេទ្យជួរមុខវ័យក្មេងម្នាក់ ដែលកំពុងបម្រើការនៅទីក្រុងវូហាន នៃខេត្តហ៊ូប៊ី ក្នុងប្រទេសចិន បានដួលសន្លប់ ហើយស្លាប់ ដោយសារតែធ្វើការហួសកម្លាំងពេក។ សាកសពរបស់គាត់ត្រូវបានមិត្តរួមការងាររកឃើញ នៅក្នុងអន្តេវាសិកដ្ឋានរបស់គាត់។ យោងតាមកាសែត The Paper ឱ្យដឹងថា បុគ្គលិកពេទ្យវ័យក្មេងនោះឈ្មោះថា Song Yingjie ហើយគាត់មានអាយុតែ ២៨ឆ្នាំប៉ុណ្ណោះ។ គាត់គឺជាអនុប្រធានក្រុមឱសថរបស់មណ្ឌលសុខភាពក្នុងស្រុក Henshang ហើយគាត់ក៏បានចូលរួមព្យាបាលអ្នកជំងឺពីការរាតត្បាតនៃវីរុសកូរ៉ូណា។ គាត់បានធ្វើការនៅក្នុងមណ្ឌលសុខភាពចាប់តាំងពីខែមេសា ឆ្នាំ២០១៦ ហើយបានចូលរួមជាមួយក្រុមគ្រូពេទ្យដើម្បីប្រចាំការនៅ Yuelin Expressway ។

លោក Song Yingjie ចង់ធ្វើតួនាទីគាត់ឱ្យបានល្អ ហើយទទូចចង់ធ្វើការរាល់ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ខែមករា ពោលគឺតាំងពីពេលបុណ្យចូលឆ្នាំចិនរហូតមក។ គាត់ទទួលខុសត្រូវក្នុងការចែកចាយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រដល់ក្រុមការងារ ហើយបានធ្វើការអស់រយៈពេល ១០ថ្ងៃ ៩យប់ មិនខ្លាចនឿយហត់ ខណៈដែលប្រទេសនេះព្យាយាមទប់ទល់វីរុសកូរ៉ូណាកុំឱ្យរាលដាលជាងនេះ។ នៅថ្ងៃទី០៣ ខែកុម្ភះ គាត់បានប្តូរវេននៅម៉ោង ១២ព្រឹក ហើយត្រលប់ទៅកន្លែងស្នាក់នៅរបស់គាត់វិញដើម្បីសម្រាក។ ប៉ុន្តែគួរឱ្យស្តាយក្រុមររបស់គាត់បានរកឃើញថា គាត់បានស្លាប់នៅក្នុងអន្តេវាសិកដ្ឋាន ហើយគេជឿជាក់ថា គាត់បានស្លាប់ដោយសារការគាំងបេះដូងភ្លាមៗ (cardiac arrest) ដែលបណ្តាលមកពីការធ្វើការហួសកម្លាំង។ ខណៈពេលនេះអាជ្ញាធរកំពុងស៊ើបអង្កេតករណីនេះនៅឡើយ៕


អត្ថបទ៖ លីដា